សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យ បាញ់ទម្លាក់យន្តហោះគ្មាន មនុស្ស បើកដែលបានហោះចូលទឹកដីកម្ពុជា

ភ្នំពេញ៖ តាមរយៈសារបន្ទាន់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឱ្យ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ, នាយ កឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស បញ្ចេញកម្លាំង ទ័ព និងអាវុធទំនើបៗ ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ជាពិសេស នៅភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ជាប់ព្រំប្រទល់វៀតណាម ។

សម្តេចបានចេញបទបញ្ជាដូច្នេះ បន្ទាប់ពីកើតមានសភាពវាយប្រហារបែប ភេរវកម្មនៅលើទឹកដីវៀតណាម កាលពីសប្តាហ៍កន្លងមក។ សម្តេចបានអះអាងថា កម្ពុជាបានសហការជាមួយភាគីវៀតណាម លើការទប់ស្កាត់ការបាក់ទ័ពរត់ឆ្លងកាត់ចូលមកទឹកដីកម្ពុជា។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺ យន្តហោះគ្មានមនុស្សបើក (Drone) ជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុងតំបន់ នៃខេត្តរតនគិរី ខណៈភាគីវៀតណាម បានបដិសេធថា មិនមែនជា Drone របស់ខ្លួនឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការវាយតម្លៃជាបន្តបន្ទាប់រហូត មកដល់ ថ្ងៃនេះ សម្ដេចប៉ាន់ស្មានថា Drone ចំនួនដ៏ច្រើននេះ គឺជា Drone របស់ពួកបច្ចាមិត្រ ដែលបានធ្វើសកម្មភាពវាយប្រហារនៅលើទឹកដី វៀតណាម ហើយមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលមកកម្ពុជា។ សម្តេចបញ្ជាក់ថា ក្រុមបាក់ទ័ពទាំងនេះ បានរាយប៉ាយក្នុង ភូមិសាស្ត្រ ព្រំដែន វៀតណាម ជាប់នឹងព្រំដែនប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ខេត្តរតនគិរី ។ សម្តេច ក៏បានចេញបញ្ជាបន្ទាន់ឱ្យកងអង្គរក្ស ប្រើអាវុធទំនើបសម្រាប់បាញ់យន្តហោះ ទៅកាន់គោលដៅ ដែលមានដ្រូន របស់ក្រុមបាក់ទ័ពវាយប្រហារនៅវៀតណាមហោះចូលទឹកដីកម្ពុជា ។

ក្នុងបទបញ្ជាបន្ថែមថា សម្តេចបានឱ្យនាយកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកម្លាំង៥០០នាក់ និងនិងកាំភ្លើងបាញ់យន្តហោះ២០០ដើម ចេញជាបន្ទាន់ ដើម្បីពង្រាយគ្រប់ច្រកល្ហកសម្រាប់បាញ់ទម្លាក់ដ្រូន ទាំងនោះ ដោយគ្មានការអត់ឱន និងលើកលែងអ្នកដែលបំពានអធិបតេយ្យ កម្ពុជា នោះឡើយ ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner