ទីភ្នាក់ងារអ.ស.ប. ព្រមានពីផលប៉ះពាល់ ប្រសិនបើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅតំបន់សមុទ្រខ្មៅត្រូវបានបញ្ចប់

អ.ស.ប៖​ការបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅតំបន់សមុទ្រខ្មៅ នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរទៅដល់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក។ នេះបើយោងតាមមន្ត្រីជំនួយបានព្រមាន និងថាអាចនឹងបណ្ដាលឱ្យមានការកើនឡើងតម្លៃស្បៀងអាហារមួយកម្រិតទៀត និងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ការព្រមាននេះ ធ្វើឡើងដោយយោងទៅលើស្ថានភាពជាក់ស្ដែងរបស់មនុស្សរាប់សិបលាននាក់ដែលកំពុងតស៊ូជាមួយភាពអត់ឃ្លាន។​

មួយរយៈចុងក្រោយនេះ ទីក្រុងម៉ូស្គូបាននឹងកំពុងគំរាមចង់ដើរចេញពីកិច្ចព្រមព្រៀងមួយនេះ ដែលវាគឺជាកិច្ចព្រមព្រៀងស្ដីអំពីគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិនៅតំបន់សមុទ្រខ្មៅ និងជាកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួកគី កាលពីខែកក្កដា ឆ្នាំមុន។

បេសកជនអ៊ុយក្រែន បានបង្ហាញថា ៩៩ ភាគរយ គឺរុស្ស៊ីនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ពោលគឺមុននឹងដល់ថ្ងៃ​បន្ត​កិច្ច​ព្រម​ព្រៀងនេះ​ម្ដងទៀតនៅថ្ងៃទី១៨ ខែ​កក្កដា ខាងមុខនេះ។​

ដោយឡែក គ្រោះទុរ្ភិក្សនៅក្នុងតំបន់មួយចំនួននៅតាមបណ្ដាប្រទេសនៅអាហ្វ្រិក ត្រូវបានជៀសផុតនៅឆ្នាំនេះ ដោ​យសារតែភ្លៀងធ្លាក់ល្អជាងការរំពឹងទុក ​ពិសេសក្នុងអំឡុងពេលរដូវវស្សាដែលមិនគួរឱ្យជឿ និងដែលបានកើតឡើងកាលពី​មុន​រយៈពេលបួនឆ្នាំជាប់ៗគ្នា។ ប៉ុន្តែក្រុមមន្ត្រីជំនួយបានឱ្យដឹងថា មនុស្សប្រហែល ៦០ លាននាក់នៅតែជួបបញ្ហាអ​សន្តិសុខស្បៀងនៅក្នុងប្រទេសចំនួនប្រាំពីរនៅអាហ្វ្រ៊ិកខាងកើត ហើយពួកគេកំពុងព្រួយបារម្ភថា នឹងមានផលប៉ះពា​ល់​បន្ថែមកាន់តែច្រើនទៀត។​

លោក ដូមីនីក ហ្វឺរ៉េទី (Dominique Ferretti) មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់របស់កម្មវិធីស្បៀងអាហារពិភពលោក បានប្រាប់សន្និសីទដោយសង្ខេបនៅទីក្រុងហ្សឺណែវថា «ការដែលមិនអាចបន្តកិច្ចព្រមព្រៀងនៅតំបន់សមុទ្រខ្មៅបាន គឺនឹងមានផលប៉ះពាលដល់ប្រព័ន្ធផ្គត់ផ្គង់ស្បៀងប្រហារនៅទ្វីបអាហ្វ្រ៊ិកខាងកើតយ៉ាងធ្ងន់ធ្ងរ»។

លោកបានបន្តថា ៖ «មាន​ប្រទេស​មួយ​ចំនួន ​ដែលកំពុង​ពឹង​ផ្អែក​លើ​ការនាំចូលស្រូវ​សាលី​ពីប្រទេស​អ៊ុយក្រែន ហើយ​ប្រ​សិនបើគ្មាន​វា នោះ​តម្លៃ​ម្ហូប​អាហារនឹងកើនឡើង​ខ្ពស់​ជាង​នេះទៅទៀត»។​

លោក ហ្វឺរ៉េទី បានបញ្ជាក់បន្ថែមថា កម្មវិធីស្បៀងអាហារពិភពលោក មានគោលបំណងរក្សាទុកអាហារជាមុន ហើយប្រ​សិនបើកិច្ចព្រមព្រៀងត្រូវបានលុបចោល នោះពួកគេគួរតែព្យាយាមស្វែងរកប្រទេសផ្គត់ផ្គង់ថ្មី។ លោកស្រី ប្រេនដា ឡាហ្សារូស (Brenda Lazarus) មកពីអង្គការស្បៀងអាហារ និងកសិកម្ម បានប្រាប់ឱ្យដឹងថា របបអាហារនៅក្នុងប្រ​ទេសសូម៉ាលី ស៊ូដង់ ជីប៊ូទី និងអេរីទ្រា គឺផ្តោតលើស្រូវសាលី ហើយការផ្លាស់ប្តូរស្រូវសាលីទៅរកកសិផលផ្សេង អាចនឹងត្រូវចំណាយពេលយូរ។

ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ស្រូវសាលីប្រហែលជា ៧ សែនតោន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រ​ទេសកេនយ៉ា និងអេត្យូពី នេះបើរាប់ចាប់តាំងពីកិច្ចព្រមព្រៀងសមុទ្រខ្មៅបានចាប់ផ្តើមមក។ បើទោះបីជាចំនួននេះ មា​នចំនួនត្រឹមតែ ២ភាគរយ នៃបរិមាណសរុបក៏ដោយ ក៏តំបន់នេះត្រូវបានរងផលប៉ះពាល់ដោយការកើនឡើងតម្លៃស្រូវ​សា​លី នេះបើគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាក៏ដោ​យ តម្លៃនៅពេលនេះ បានធ្លាក់ចុះខ្លះហើយ។​

ដោយឡែក មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា កុមារប្រហែល ១០,៤ លាននាក់កំពុងប្រឈមនឹងកង្វះអា​ហារូបត្ថម្ភធ្ងន់ធ្ងរ ហើយប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង និងតំបន់មួយចំនួននៃប្រទេសកេនយ៉ា បានកត់ត្រាឃើញថា​មានកម្រិតខ្ពស់បំផុតនៃមនុស្សដែលកំពុងស្វែងរកការថែទាំសុខភាពក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ ​Channel NewsAsia UN agencies warn of impact if Black Sea grain deal end

ads banner