អូស្ត្រាលីនឹងផ្តល់រថពាសដែកបន្ថែមទៀតដល់អ៊ុយក្រែន

កង់បេរ៉ា៖ កាលពីថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បេនីស (Anthony Albanese) បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ជំនួយថវិកាថ្មីចំនួនប្រមាណ ៧៣,៥ លានដុល្លារ រួមទាំងរថយន្តយោ​ធាចំនួន ៧០ គ្រឿង ដល់ប្រទេសអ៊ុយក្រែន ដើម្បីយកទៅប្រើប្រាស់​ការពារ និងប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។​

ផែនការផ្ដល់ជំនួយរបស់ប្រទេសអូស្ត្រាលីថ្មីនេះ បានធ្វើឱ្យទំហំទឹកប្រាក់ជំនួយរបស់អូស្ត្រាលីទៅកាន់អ៊ុយក្រែនសរុប កើនដល់ទៅ ៥២៧ លានដុល្លារអាមេរិក រួមទាំងជំនួយផ្នែកយោធាចំនួន ៤០៧ លានដុល្លារ។ នេះបើរាប់ចាប់តាំងពីថ្ងៃចាប់ផ្ដើមផ្ទុះសង្គ្រាមនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។​

លោក អាល់បេនីស បាននិយាយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងកង់បេរ៉ាថា ៖ «ការផ្ដល់ជំនួយគាំទ្របន្ថែមលើកនេះ នឹងជួយដល់ប្រទេសអ៊ុយក្រែនយ៉ាងពិតប្រាកដ ពោលគឺជួយប្រជាជនអ៊ុយក្រែនដែលបន្តបង្ហាញភាពក្លាហានដ៏អស្ចារ្យរបស់ពួកគេ ក្នុងការប្រឈមមុខនឹងសង្រ្គាមខុសច្បាប់ ដែលបង្កឡើងដោយរុស្ស៊ី»។​

 លោក អាល់បេនីស បានបញ្ជាក់ឱ្យដឹងថា កញ្ចប់ថវិកាជំនួយថ្មីនេះ មិនមានទាក់ទងនឹងហេតុផលនៃការបះបោររបស់ក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ (Wagner) នៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍នោះទេ។

 គួររំឭកថា ទាហានស៊ីឈ្នួលរុស្ស៊ីដែលប្រដាប់ដោយអាវុធធុនធ្ងន់ បានធ្វើការវាយកាន់កាប់ទីក្រុង រ៉ូស្តូវ (Rostov) របស់រុស្ស៊ីក្នុងរយៈពេលខ្លីបង្កើតបានជាបញ្ហាប្រឈមដ៏ធំបំផុតមួយអំឡុងពេលកាន់អំណាចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។​

អូស្ត្រាលីមិនមែនជាសមាជិករបស់អង្គការណាតូនោះទេ ប៉ុន្តែជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលបានបរិច្ចាគទឹកប្រាក់យ៉ាងច្រើនបំផុតទៅកាន់ប្រទេសអ៊ុយក្រែន ហើយបាននិងកំពុងផ្គត់ផ្គង់ជំនួយគ្រាប់រំសេវ និងឧប​ករណ៍ផ្សេងៗបន្ថែមទៅក្នុងវិស័យការពារជាតិ រួមទាំងរថពាសដែកជាច្រើនគ្រឿងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អូស្ត្រាលីបានហាមប្រាមការនាំចេញរ៉ែអាលុយមីញ៉ូម អាលុយមីញ៉ូម និងសារធាតុបុកស៊ីតទៅកាន់ប្រទេសរុស្ស៊ី ហើយបានដាក់ទណ្ឌកម្មបុគ្គលសំខាន់ៗក្នុងជួរដឹកនាំរុស្ស៊ី សរុបប្រមាណ ១ ០០០ នាក់។​

ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសអ៊ុយក្រែន លោក អាល់បេនីស បានរំលេចថា អូស្ត្រាលីក៏នឹងបន្តការទិញចូលទំនិញដោយមិនគិតពន្ធ ជាពិសេសទំនិញដែលនាំចូលពីអ៊ុយក្រែនសម្រាប់រយៈពេល ១២ ខែទៀត។ ចំពោះកញ្ចប់ជំនួយយោធាថ្មីបំផុត រួមមានរថពាសដែកប្រភេទ M113 ចំនួន ២៨ គ្រឿង រថយន្តប្រតិបត្តិការពិសេសចំនួន ១៤ គ្រឿង រថយន្តដឹកទំនិញធុនមធ្យមចំនួន ២៨ គ្រឿង និងរ៉ឺម៉កចំនួន ១៤ គ្រឿង។​

លោក អាល់បេនីស បានសម្តែងការគាំទ្ររដ្ឋាភិបាលរបស់លោក ចំពោះសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់អូស្ត្រាលី ប្រឆាំងនឹងរុស្ស៊ី ដែលមានគោលបំណងបញ្ឈប់រដ្ឋាភិបាលសហព័ន្ធពីការទទួលបានដីជួលសម្រាប់សាងសង់ស្ថានទូតថ្មីនៅជិតអគាសភារបស់ទីក្រុងកង់បេរ៉ា។​

កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ អូស្ត្រាលីបានលុបចោលកិច្ចសន្យាជួលសាងសង់ស្ថានទូតថ្មីរបស់រុស្ស៊ី ដោយលើកឡើងថាដោយសារតែបញ្ហាសន្តិសុខជាតិ។ ការណ៍នេះ បានធ្វើឱ្យមានការរិះគន់ពីសំណាក់វិមានក្រឹមឡាំង និងថាទង្វើរបស់ទីក្រុងកង់បេរ៉ាបានឆ្លុះបញ្ចាំងពីចេតនាប្រឆាំងនឹងរុស្ស៊ី៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ Reuters Australia to provide more armoured vehicles to Ukraine

ads banner