លោក នុត ពុធដារ៉ា ដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់បង្គន់បណ្តែតទឹក ដែលមានស្តង់ដារបច្ចេកទេស មិនប៉ះពាល់ដល់បរិស្ថាន
កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុក ឃុំ អង្គការWater Aid រួមនឹងក្រុមហ៊ុនទទួលការ សាងសង់ ចុះពិនិត្យមើលដំណើរការស្ថាបនាបង្គន់បណ្តែតទឹក តាមលក្ខណៈបច្ចេកទេស និងមិនប៉ះពាល់បរិស្ថាន ជូនប្រជាពលរដ្ឋក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។
លោក នុត ពុធដារ៉ា បានឱ្យដឹងថា រដ្ឋបាលខេត្ត និងអង្គការដៃគូ បានសាងសង់បង្គន់បណ្តែតទឹកចំនួន ០៧ ប្រព័ន្ធ ក្នុងក្រុងតាខ្មៅ និងស្រុកស្អាង និយាយដោយឡែកសម្រាប់ស្រុកស្អាង មានចំនួន ០៤ប្រព័ន្ធ ដោយក្នុង ០១ប្រព័ន្ធ អាចប្រើប្រាស់រួមគ្នា បានពី ១៦ ទៅ ១៨ខ្នងផ្ទះ ហើយមានបរិមាណចម្រោះទឹកកខ្វក់បានចំនួន ១២ម៉ែត្រគូបក្នុង ១ថ្ងៃ ហើយតាមរយៈបង្គន់អនាម័យនេះ ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកទាំងអស់ អាចប្រើប្រាស់បង្គន់នេះ ជាប្រចាំថ្ងៃ ដោយមានភាពងាយស្រួល មិនចំណាយថវិកា ហើយធានាបាននូវអនាម័យ បរិស្ថានល្អ មិនប៉ះពាល់ដល់សុខភាព និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។
គួរបញ្ជាក់ថា៖ ឃុំប្រាសាទ ស្ថិតនៅជាប់នឹងព្រែកប្រាសាទ ហើយដែលប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាព ៦ខែគោក និង ៦ខែលិចទឹក ដោយភាគច្រើនប្រកបរបរនេសាទ ហើយប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងផ្ទះបណ្តែតទឹក ដូច្នេះការសាងសង់បង្គន់អនាម័យដើម្បីប្រើប្រាស់ជាបញ្ហាប្រឈម និងជាការលំបាកសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគម្រោងសាងសង់នេះ មានការអបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលគិតគូពីការលំបាក និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕
ដោយ / គ្រី សម្បត្តិ