ឯកឧត្តម ចាយ បូរិន ៖គ្រប់ភ្នាក់ងារគណបក្ស ត្រូវខិតខំបំពេញតួនាទី និងភារកិច្ច របស់ខ្លួន ដោយយកចិត្តទុកដាក់ និងស្របតាមក្រម សីលធម៌ខ្ពស់បំផុតឱ្យសក្តិសម នឹងកេរ្តិ៍ឈ្មោះ របស់គណបក្ស
ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន បានថ្លែងថាតួនាទីដ៏សំខាន់របស់ភ្នាក់ងារគណបក្ស នៅក្នុងដំណើរការបោះឆ្នោត ជាអាទិ៍ ការឃោសនាបោះឆ្នោត ការសង្កេតមើលការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត ការប្តឹងជំទាស់ ឬប្តឹងតវ៉ា ទៅលើភាពមិនប្រក្រតី និងការចុះហត្ថលេខាលើកំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងសិទ្ធិទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពី គឃ.សប និងបានលើកជាសំណូមពរយ៉ាងទទូច ដល់គ្រប់ភ្នាក់ងារគណបក្ស ឱ្យខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ និងស្របតាមក្រម សីលធម៌ខ្ពស់បំផុតឱ្យសក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់គណបក្ស។

ឯកឧត្តម ប្រធានគណៈកម្មការច្បាប់ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដល់ក្រុមអ្នកច្បាប់ ព្រមទាំងភ្នាក់ងារ គណបក្សពេញសិទ្ធ និងបម្រុង ចំនួន ៣០០នាក់ នៅមន្ទីរគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ គណៈកម្មការច្បាប់ គណបក្សស្រុក ដែលបានចុះឈ្មោះភា្នក់ងារគណបក្សទៅ គឃ.សប បានទាន់ពេលវេលា កំណត់របស់គ.ជ.ប និងបានសហការជាមួយអាជ្ញាធរដែនដី ក្នុងការរៀបចំបំពេញបែបបទ និងឯកសារ ជូនដល់ប្រជាពលរដ្ឋដែលមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យទទួលបាននូវឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតបានយ៉ាងល្អប្រសើរ។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពក្នុង ឆ្នាំ២០២២ និង២០២៣ អាចបន្តប្រើប្រាស់បណ្ណនោះសម្រាប់ បោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះបាន។

ដោយនៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃចាប់ផ្តើមយុទ្ធនាការរកសំឡេងឆ្នោត ឯកឧត្តមបានធ្វើការផ្តាំផ្ញើ ដល់ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាឱ្យបាននូវស្មារតី សាមគ្គីភាព និងឯកភាពគ្នាខ្ពស់ រៀបចំយុទ្ធនាការ ឃោសនាឲ្យបានអធិកអធម ហើយត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានច្បាស់លាស់ ត្រូវធ្វើការជួបជុំជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្ស ក្នុងទ្រង់ទ្រាយតូចៗ តាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សជាពិសេស ស្នាដៃនិងសមិទ្ធផល របស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន សំដៅលើកកម្ពស់ ជំនឿនិងទំនុកចិត្ត របស់ប្រជាពលរដ្ឋ ហើយបន្តបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិ បន្តទៀត៕


ដោយ ហេង សម្បត្តិ