ធនាគារជាតិនៃកម្ពុជា ប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ដែលជាការធ្វើបច្ចុប្បន្នកម្មពីឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ពីឆ្នាំ២០១៥-២០២៥ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអាចរំពឹងទុកបាន។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បានថ្លែងក្នុងឱកាសនៃកិច្ចប្រជុំថា៖ «តាមរយៈឯកសារដ៏មានសាៈសំខាន់នេះ វិស័យហិរញ្ញវត្ថុកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ដែលជួយគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់និងអន្តរជាតិ ។ល។»
ឯកឧត្តមបានបន្តថា ជាទូទៅ ឯកសារយុទ្ធសាស្ត្ររយៈពេលវែងនេះត្រូវបានធ្វើបច្ចុប្បន្នកម្ម នៅរៀងរាល់ ៥ ឆ្នាំម្តងគឺនៅពាក់កណ្តាលនៃអំឡុងពេលអនុវត្តយុទ្ធសាស្ត្រ ដើម្បីឱ្យស្របតាម ការវិវត្ត និងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាពង្រឹងការអនុវត្តគោលនយោបាយនានានៅក្នុងផែនកា រសកម្មភាពអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ជា ចាន់តូ បានស្នើសុំឱ្យតំណាងអាជ្ញាធរហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ និងភាគីពាក់ព័ន្ធផ្សេងទៀតសហការផ្តល់ធាតុចូលដើម្បីពង្រឹងភាពជាម្ចាស់នៃឯកសារយុទ្ធសាស្ត្រនេះ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត