រដ្ឋមន្រ្តីក្រសួងកសិកម្ម បានដាក់វិធានការម៉ឺងមាត់ ឱ្យមន្ត្រីជំនាញជលផល និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាស្រាវជ្រាវនិងបង្ក្រាបបទល្មើស

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាប បានធ្វើទស្សនកិច្ចស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តចំនួន៥ ដែលរួមមាន៖ កំពង់ឆ្នាំង ,ពោធិ៍សាត់, កំពង់ធំ, បាត់ដំបង, និងខេត្តសៀមរាប តាមឧទ្ធម្ភាគចក្រ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងដំណើរទស្សនកិច្ចពីលើអាកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាល ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, កំពង់ធំ, អភិបាលរងខេត្តកំពង់ឆ្នាំង, និងអភិបាលរងខេត្តសៀមរាប ,ឯកឧត្តម អ៊ឹង គឹមលាង ព្រមទាំងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យមើលស្ថានភាពតំបន់ឡូដ៍ ឬជម្រុកត្រីសំខាន់ៗនៅតាម បណ្តាខេត្តទាំងនោះ ដោយរួមមានដូចជា៖ តំបន់ឆ្នុកទ្រូ, ជ្រោយស្តី ,កំពង់ប្រាក់, បឹងទន្លេឆ្មារ, កំពង់ភ្លុក និងព្រែកទាល់ជាដើម។

សូមជម្រាបជូនថា ការចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបពីសំណាក់ គណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបនាពេលនេះ ធ្វើឡើងក្នុងអំឡុងរដូវបិទនេសាទ ចាប់ពីខែមិថុនា រហូតដល់ខែតុលា។ ខែមិថុនាដល់ខែតុលា គឺជាពេលវេលាដ៏សំខាន់ សម្រាប់ប្រភេទត្រីធ្វើចរាចរផ្លាស់ទីជាច្រើនប្រភេទ បន្តពូជរកចំណីនិងលូតលាស់ធំធាត់ ក្នុងនោះ រួមមាន៖ ត្រីរៀលតុប និងរៀលអង្កាម ផងដែរ ដែលតំណាងឱ្យផលចាប់ត្រីទឹកសាបភាគច្រើននៅក្នុងប្រទេសកម្ពុជា។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់វិធានការម៉ឺងមាត់ ឱ្យមន្ត្រីជំនាញជលផល និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាស្រាវជ្រាវនិងបង្ក្រាបបទល្មើស ហើយឃាត់ខ្លួនជនសង្ស័យណាប្រើប្រាស់ ឧបករណ៍ខុសច្បាប់ បង្កវិនាសកម្មបំផ្លាញធនធានមច្ឆជាតិ ត្រូវតែនាំខ្លួនមកអនុវត្តច្បាប់៕ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner