រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត នឹងអាចកាត់បន្ថយ ការស្លាប់ និងការកើតជំងឺផ្សេងៗ
ភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ការលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត បង្ការជំងឺផ្លូវចិត្ត និងផ្តល់ការថែទាំនិងព្យាបាលសុខភាពផ្លូវចិត្ត ដើម្បីកាត់បន្ថយការស្លាប់ និងការកើតជំងឺផ្សេងៗដែលបណ្តាលមកពីជំងឺផ្លូវចិត្ត។
លោកបានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែមិថុនា ក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង និងការស្វែងរកសេវាគាំទ្រសុខភាពផ្លូវចិត្តដល់បុគ្គលិកអប់រំវ័យចាស់ក្នុងវិស័យអប់រំ។
តាមរយៈក្រសួងអប់រំឯកឧត្តមបានលើកឡើងថា ប្រទេសកម្ពុជា បាននិងកំពុងពង្រឹង និងពង្រីកការផ្តល់សេវាសុខភាពផ្លូវចិត្តឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ដែលមានតម្រូវការចេះតែកើនឡើងជាលំដាប់ ហើយសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុគ្គលិកអប់រំ ទាមទារឱ្យមានការ ចូលរួមពីយើងទាំងអស់គ្នា។
ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ៖ «បច្ចុប្បន្នមានភាពតានតឹងផ្លូវចិត្ត ក្នុងជីវិត ដែលភាពតានតឹងផ្លូវចិត្តខ្លះ មានទំនាក់ទំនង រវាងបុគ្គល គ្រួសារ សហគមន៍ និងសង្គមផងដែរ។ អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា នៅលើពិភពលោកនេះ មានកុមារ និងយុវវ័យប្រមាណពី ១០ ទៅ ២០ភាគរយ មានជំងឺផ្លូវចិត្ត ដែលពាក់កណ្តាលបានចាប់ផ្តើមមានបញ្ហាផ្លូវចិត្តនៅអាយុ ១៤ឆ្នាំ»។
លោកបន្តថា ៖ «ផលវិបាកនៃការខកខានមិនបានដោះស្រាយ បញ្ហាផ្លូវចិត្តរបស់កុមារ និងយុវវ័យ នឹងបណ្តាលឱ្យពួកគេមានបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវកាយ ព្រមទាំងប៉ះពាល់ ដល់ជីវិតរស់នៅប្រកបដោយផ្លែផ្កា នៅពេលពេញវ័យ»។
បើតាមរដ្ឋមន្រ្តីក្រសួងអប់រំដដែល បញ្ហាសុខភាពផ្លូវចិត្ត អាចប៉ះពាល់ដល់សហគមន៍ទាំងមូល រួមមានសិស្សានុសិស្ស គ្រូបង្រៀន បុគ្គលិកអប់រំ និងសមាជិកទាំងឡាយ នៅក្នុងសហគមន៍។ ដូចនេះ កិច្ចអន្តរាគមន៍ បានទាន់ពេលវេលា ជាកិច្ចការចំបងបំផុត។ រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់គាំពារបន្តបន្ទាប់ដល់បុគ្គលិកអប់រំវ័យចាស់ មនុស្សចាស់ដែលមានសុខភាពល្អ គឺអាចចូលរួមគ្រប់សកម្មភាពធម្មតាបានទាំងអស់ ។
ឯកឧត្តមបានបន្តថា ក្នុងនាមជាស្ថាប័ននាំមុខក្នុងការអភិវឌ្ឍធនធានមនុស្ស ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ផែនទីចង្អុលផ្លូវអប់រំឆ្នាំ២០៣០ ផែនការមេស្តីពីការលើកកម្ពស់សុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត និងបានអភិវឌ្ឍសៀវភៅគោលការប្រតិបត្តិ ស្តីពីការការសង្គ្រោះផ្លូវចិត្តបឋម (PFA) សម្រាប់បុគ្គលិកអប់រំ ដែលគ្របដណ្តប់ទាំងការគាំទ្រផ្នែកចិត្តសាស្ត្រនិងសង្គមគឺជាកិច្ចអន្តរាគមន៍ ឆ្លើយតបដំបូង ដែលបង្កើត ឡើងដោយអង្គការសុខភាពពិភពលោក ដើម្បីជាការគាំទ្រចំពោះមនុស្សជាតិ ដែលកំពុងទទួលរងនូវស្ថានភាពវិបត្តិធ្ងន់ធ្ងរ។
ឯកឧត្តមបញ្ជាក់បែបនេះថា ៖ «ការសង្គ្រោះផ្លូវចិត្តបឋម គឺសម្រាប់ជួយមនុស្ស ដែលជួបប្រទះនូវបទពិសោធន៍នៃ ព្រឹត្តិការណ៍វិបត្តិដែលអាចប៉ះពាល់ស្ថានភាពផ្លូវចិត្តរបស់ពួកគេ។ វាផ្តល់នូវក្របខ័ណ្ឌនៃការជួយសង្គ្រោះផ្លូវចិត្តបឋម ដែលគោរពដល់សេចក្តីថ្លៃថ្នូរ វប្បធម៌ និងសមត្ថភាពរបស់អ្នកទទួលការជួយផងដែរ»។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសព្យាបាលជំងឺផ្លូវចិត្តនៃមន្ទីរសម្រាកព្យាបាលសាន់រ៉ាយ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ថា មានវិធី 4A អាចជួយគ្រប់គ្រងសុខភាពផ្លូវចិត្តបាន រួមមាន Acting with your problem (រៀនដោះស្រាយប ញ្ហា), Adaptation with your problem (រៀនទទួលស្គាល់បញ្ហា), Avoid (ចៀសវាងការប្រមូលបញ្ហាអ្នកដទៃមកដាក់ក្នុងខ្លួន) និង Accept with your problem (រៀនទទួលស្គាល់ការពិត)។
លោកប្រាប់ថា ៖ «បញ្ហាជំងឺផ្លូវចិត្ត មានបែងចែកជាកម្រិតស្រាល មធ្យម និងកម្រិតធ្ងន់ធ្ងរ។ ក្នុងនោះ ជំងឺផ្លូវចិត្តមធ្យម ចែកជាមធ្យមកម្រិតស្រាល ដែលអាចព្យាបាលបានដោយមិនបាច់ប្រើថ្នាំ។ រីឯមធ្យមកម្រិតធ្ងន់ អាចឈានដល់ការប្រើប្រាស់ថ្នាំខ្លះ។ ប្រជាពលរដ្ឋខ្មែរយើងភាគច្រើន មិនទាន់បានយល់ច្បាស់ពីការដោះស្រាយផ្លូវចិត្ត ដោយវិធីសាស្រ្តពិភាក្សាមិនប្រើថ្នាំ គាត់យល់ថា អាចនឹងមិនបានផល តាមពិតវាបានផល សម្រាប់អ្នកមានបញ្ហាកម្រិតស្រាល និងមធ្យម»។
លោកវេជ្ជបណ្ឌិតក៏បានលើកទឹកចិត្តឱ្យអ្នកមានវិបត្តិផ្លូវចិត្តទាំងអស់ ស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវ កុំមានភាពខ្មាសអៀន និងជៀសវាងការនូវម្នាក់ឯង ដោយត្រូវស្វែងរកការប្រឹក្សាយោបល់ផ្លូវចិត្ត ខណៈដែលសមាជិកគ្រួសារនីមួយៗ ត្រូវផ្តោតការយកចិត្តទុកបន្ថែមលើសមាជិកគ្រួសារខ្លួនផងដែរ។
យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វបានរកឃើញថា នៅក្នុងឆ្នាំ២០២១ យុវជនកម្ពុជាប្រមាណ១៦ភាគរយ មានជំងឺធ្លាក់ទឹកចិត្ត។ តាមរយៈការសិក្សារបស់យូនីសេហ្វ និងដៃគូ ស្តីពីផលប៉ះពាល់សេដ្ឋកិច្ច សង្គម បានរកឃើញថា នៅកម្ពុជា៤៥ភាគរយ នៃយុវវ័យ ដែលបានចូលរួមនៅក្នុងការអង្កេតមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនក្នុងអំឡុងពេលជំងឺកូវីដ១៩រាតត្បាត និងយុវវ័យ១៦ភាគរយ មានជំងឺថប់អារម្មណ៍ ឬធ្លាក់ទឹកចិត្ត ចាប់តាំងពីពេលចាប់ផ្តើមនៃជំងឺកូវីដ១៩៕ ដោយ៖ វណ្ណ សុជាតា