សម្តេចតេជោបញ្ចេញអាវុធទំនើបការពារផ្នែកអាកាសទៅកាន់ភាគឥសានប្រទេស (Video Inside)

កម្ពុជាបានបញ្ចេញអាវុធទំនើបបាញ់ទម្លាក់ដ្រូនរបស់ខ្លួនជាលើកដំបូងបង្អស់ ក្រោយមានសេចក្តីរាយការណ៍ដ្រូនគ្មានអត្តសញ្ញាណជាច្រើន បានហោះចូលស៊ើបការណ៍ក្នុងរង្វង់ទឹកដីខេត្តភាគឥសានប្រទេស។

សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងមួយនៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣ បានថ្លែងថាដ្រូនគ្មានអត្តសញ្ញាណជាច្រើន បានហោះចូលមកក្នុងតំបន់នៃខេត្តរតនគិរី ភាគឥសានប្រទេសកម្ពុជា ជាប់នឹងទឹកដី នៃប្រទេសវៀតណាម។

គួរបញ្ជាក់ថាទឹកដីនៃប្រទេសវៀតណាមជាប់នឹងភាគឥសានប្រទេសកម្ពុជានោះ កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣ ធ្លាប់មានហេតុការណ៍វាយប្រហាររបស់កម្លាំងប្រដាប់អាវុធមួយក្រុម ដាក់លើទីស្នាក់ការគណៈកម្មាធិការឃុំវៀតណាមចំនួន២ គឺឃុំអៀទៀវ និងអៀកតឺ…និងការវាយប្រហារកើតឡើងក្នុងតំបន់ក្រុមជនជាតិអ្នកភ្នំម៉ុងតាញ៉ានោះ បានសម្លាប់មនុស្ស៩នាក់ ក្នុងនោះរួមមាននគរបាលឃុំវៀតណាមផងដែរ។ ក្រុមវាយប្រហារទាំងនោះបានបាក់ទ័ពរត់ខ្ចាត់ខ្ចាយ និងខ្លះត្រូវគេរាយការណ៍ថាបានរត់ចូលមកក្នុងទឹកដីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្ស័យថាការបង្ហោះដ្រូន ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនោះ គឺជាដ្រូនរបស់ក្រុមដែលជាប់ពាក់ព័ន្ធនឹងទាហានបាក់ទ័ពទាំងនោះ។

សម្តេចបានបញ្ជាឱ្យកងយោធពលខេមរភូមិន្ទបញ្ជូនអាវុធទំនើបរបស់ខ្លួន ទៅខេត្តភាគឥសានប្រទេស ដើម្បីការបាញ់ទម្លាក់ដ្រូនមិនស្គាល់អត្តសញ្ញាណទាំងនោះ ដែលពួកគេតែងបានធ្វើនៅពេលយប់។

កម្ពុជាចាប់តាំងពីមានព្រឹត្តិការណ៍វាយប្រហារលើខេត្តដែលស្ថិតជាប់នឹងព្រំដែននោះមក បានដាក់បទបញ្ជាដល់កងកម្លាំងរក្សាសន្តិសុខត្រូវចាប់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងក្រុមកម្លាំងបាក់ទ័ពទ័ពវៀតណាមទាំងនោះ និងសម្តេចថែមទាំងបានព្រមានដល់អង្គការបរទេស ជាពិសេសអង្គការ នៃភ្នាក់ជនភៀសខ្លួន អង្គការសហប្រជាជាតិ HCR លើទឹកដីកម្ពុជា មិនត្រូវទទួលជួយក្រុមដែលគេបានចាត់ទុកថាជាពួកភេរវករទាំងនោះឡើយ។

សម្តេចតេជោបានបញ្ជាក់បន្ថែមក្នុងសារសម្លេងមួយទៀតក្នុងថ្ងៃដដែលនេះថា អាវុធបាញ់ដ្រូនចំនួន២០០ដើម និងមនុស្ស៥០០នាក់ ពីអង្គភាពកងអង្គរក្ស កំពុងធ្វើដំណើរទៅកាន់គោលដៅហើយ។

សម្តេចបានប្រាប់ពលរដ្ឋនៅខេត្តភាគឥសានប្រទេស មិនត្រូវភិតភ័យឡើយ បើសិនជាបានឃើញនូវការចល័តទ័ពជាមួយនឹងគ្រឿងសម្ភារៈសឹកធ្វើដំណើរទៅកាន់ខេត្តគោលដៅ។

សម្តេចបានបញ្ជាក់ថាយុទ្ធដំណើរនេះ គឺមិនត្រឹមតែកម្ទេចចោលដ្រូន ដែលបានបំពានលើដែនអធិបតេយ្យភាពជាតិកម្ពុជានោះឡើយ ប៉ុន្តែថែមទាំងស្វែងរកក្រុមទាហានបាក់ទ័ពទាំងឡាយ ដែលកំពុងរត់គេចចូលក្នុងព្រៃផងដែរ។

នៅក្នុងប្រទេសវៀតណាមនោះវិញ, ការចាប់ខ្លួនជនសង្ស័យ នៃក្រុមទាហានបាក់ទ័ព បានបន្តធ្វើជាបន្ថែមទៀត ខណៈមនុស្សមួយចំនួនត្រូវបានបញ្ជូនទៅកាត់ទោស។ សេចក្តីរាយការណ៍ បានបង្ហាញថា កាលពីថ្ងៃសុក្រអាជ្ញាធរវៀតណាម បានកាត់ទោសមនុស្ស៨៤នាក់ ដែលជាប់ពាក់ព័ន្ធ។

ឧត្តមសេនីយ៍ទោវៀតណាម នៃក្រសួងសន្តិសុខជាតិលោក ផាំ ង៉ុកវៀត ត្រូវបានគេដកស្រង់សម្តីដែលនិយាយថាក្នុងចំណោមអ្នកចាប់ខ្លួនទាំងនោះរួមមានសមាជិកនៃអង្គការដែលមានមូលដ្ឋាន ក្នុងសហរដ្ឋអាមេរិក ដែលពួកគេបានទទួលបទបញ្ជាចូលមកក្នុងទឹកដីវៀតណាម ដើម្បីបង្កឱ្យការប្រយុទ្ធនេះ។ ជនជាប់ពាក់ព័ន្ធទាំង៨៤នាក់នោះ ត្រូវបានតុលាការវៀតណាមកាត់ទោស ពីបទបង្កសកម្មភាពភេរវកម្មប្រឆាំងរដ្ឋាភិបាលប្រជាជនវៀតណាម។

ads banner