បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ក្រុមយុវជនបក្សក្នុងខេត្តព្រះសីហនុ ប្រកាន់នូវភាពស្មោះត្រង់ចំពោះប្រជាជន (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ក្រុមយុវជនក្នុងខេត្តព្រះសីហនុ ត្រូវរក្សាភាពស្មោះត្រង់ជានិច្ច នៃការបំរើប្រជាពលរដ្ឋ ដែលនោះគឺជាចំណុចស្នូល នៃការជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ប្រសាសន៍របស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ការរកបានសន្លឹកឆ្នោតមួយសន្លឹកៗ ពីប្រជាពលរដ្ឋ គឺមិនមែនងាយស្រួលនោះឡើយ ប៉ុន្តែទាមទារឱ្យយើងគ្រប់គ្នាត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងស្ថិតនៅកៀកជិតជាមួយនឹងប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅពេលមានតម្រូវការបំផុត»។
ប្រសាសន៍បញ្ជាក់របស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើង ខណៈការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ កាន់តែកៀកជិតមកជាលំដាប់។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមកនេះ គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេនោះ គឺគណបក្សបានកើតដោយសារប្រជាជន, ដើម្បីប្រជាជន និងក៏ជារបស់ប្រជាជន។
ដូច្នេះគ្រប់ពេលវេលា គឺតែងតែមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្ស ស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកបំផុតនោះ គឺគណបក្សមិនរត់ចោលប្រជាជនឡើយ ប៉ុន្តែនឹងបង្កើនសកម្មភាពទ្វេដងថែមទៀតក្នុងការខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាលនៃជំងឺកូវីដ១៩ ក្នុងរយៈកាលកន្លងមកនេះ»។