ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខថែមទៀត (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានបន្ថែមទៀត ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំ និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម។

យោងតាមការព្យាករណ៍ រវាងពីពីថ្ងៃ២៨ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣, នៅតំបន់ទំនាបកណ្តាល ដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកនៅតំបន់ខ្ពង់រាប ដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅ បង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រ ដែលរួមមាន ៖ ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្ដដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះ។

ads banner