សម្តេចតេជោអំពាវនាវពលរដ្ឋរួមគ្នាទប់ស្កាត់អំពើជ្រុលនិយមរបស់ពួកឧទ្ទាមក្រៅច្បាប់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាបន្តទប់ស្កាត់អំពើជ្រុលនិយម របស់ពួកឧទ្ទាមក្រៅច្បាប់ ដែលចង់នាំកម្ពុជាធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។

សេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងខណៈមេខ្លោងក្រុមឧទ្ទាមរស់នៅក្រៅស្រុក ត្រូវគេឃើញតែងដើរ Lobby ដល់ជនបរទេសនានា ដើម្បីការកាត់ផ្តាច់ជំនួយដល់ប្រទេសជាតិខ្លួនឯង ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៃលំនាំចលនាបដិវត្តពណ៌។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករ និងកម្មការីនី ក្នុងពិធីសំណេះសំណាលមួយ នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវហ៊ានប្រឆាំងនឹងអំពើទាំងឡាយ ដែលចង់បំបែកឆ្នាំងបាយរបស់កម្មករតាមរោងចក្រនោះ។

កម្ពុជាក្រោមការដឹកនាំ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានស្ថិរភាពនយោបាយ និងឈ្នះគ្រប់កន្លែង លើរាល់ឧបាយកលរបស់ក្រុមធ្វើនយោបាយជ្រុលនិយម ដែលចង់នាំប្រទេសធ្លាក់ចូលក្នុងអំពើចលាចល ឬសង្គ្រាមសាជាថ្មី។ សម្តេចតេជោបានប្រៀបធៀបការបាត់បង់ស្ថិរភាពនយោបាយឬការបាត់បង់ស្ថិរភាពសេដ្ឋកិច្ច គឺដូចជាគ្រាប់បែកបំផ្លាញជាតិរបស់ខ្លួនឯង។

សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័សជាមួយកំណើន ៣% ក្នុងឆ្នាំ២០២១ ក្រោមចក្ខុវិស័យដឹកនាំសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងទូទាំងប្រទេស ដែលបាននាំឱ្យកម្ពុជាបើកដំណើរការសេដ្ឋកិច្ចជាតិសាឡើងវិញ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។ យោងតាមការព្យាករណ៍, សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុង អត្រាប្រមាណ ៥,៤% នៅឆ្នាំ២០២២, និងកើនដល់ ៥,៦% នៅឆ្នាំ២០២៣ ដោយសារតែចក្ខុវិស័យដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

ads banner