មន្ត្រីរៀបចំការបោះឆ្នោតថ្លែងថាក្បួនដង្ហែរធំ ក្នុងការឃោសនាអនុញ្ញាតតែចំនួន៤ដងប៉ុណ្ណោះ (Video Inside)
មន្ត្រីរៀបចំការបោះឆ្នោតទូទាំងប្រទេសបានថ្លែងនៅថ្ងៃនេះថា ការដង្ហែរក្បួនធំ ក្នុងការឃោសនានយោបាយរបស់គណបក្សនីមួយៗ នឹងអនុញ្ញាតមានចំនួន៤ដង តែប៉ុណ្ណោះ។
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមានរយៈពេល២១ថ្ងៃ ដែលចាប់ផ្តើមពីដើមខែកក្កដារហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី២៧ មិថុនានេះថា ការដង្ហែរក្បួនធំចំនួន៤ដងនោះ មិនរាប់បញ្ចូលការចែកខិតប័ណ្ណ និងការជួបប្រជុំនៅតាមទីស្នាក់របស់គណបក្សឡើយ។
មន្ត្រីគជបបានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធានបទប្បញ្ញត្តិ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ខណៈតួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលត្រូវចូលរួមមានជាង៩លាន ៧សែននាក់, ការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមានជាង ២ម៉ឺនការិយាល័យ៕