សម្តេចតេជោបញ្ជាក់ថាយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះចាប់ផ្តើមថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានយោបាយឈ្នះឈ្នះ ដែលបំបាត់ចលនាឧទ្ទាមខ្មែរក្រហម បានចាប់ផ្តើមចេញដំបូងចេញពីភ្នំឱរ៉ាល់ គឺនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦។

ថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ គឺជាថ្ងៃនៃការធ្វើសមាហរណកម្មលើកដំបូង របស់កងពលខ្មែរក្រហមលេខ១៨ ដែលមានអតីតមេបញ្ជាការខ្មែរក្រហមលោក កែវ ពង្ស ដែលជាមនុស្សមុនគេបំផុត របស់កម្លាំងទ័ពព្រៃខ្មែរក្រហម ធ្វើសមាហរណកម្មកងកម្លាំងចូលជាមួយរាជរដ្ឋាភិបាល។

ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និងប្រជាពលរដ្ឋក្នុងទឹកដីខេត្តកំពង់ស្ពីនៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣។ សម្តេចបានថ្លែងប្រាប់ប្រជាពលរដ្ឋថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលបានបញ្ចប់ជម្លោះវាយប្រហារមុនគេ ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦។

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ បំបាត់ចលនាឧទ្ទាមខ្មែរក្រហមចាប់ផ្តើមដំបូងកាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ បន្ទាប់ពីបានអូសទាញលោក កែវ ពង្ស ឱ្យធ្វើការផ្តាច់ខ្លួន ចេញពីក្រុមកម្លាំងឧទ្ទាមខ្មែរក្រហម។

លោក កែវ ពង្ស នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ១៩៩៦ បានចេញពីព្រៃជាលើកដំបូង ជួបជាមួយសម្តេចតេជោ ហ៊ុន សែន និងនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំដដែលនោះ, កម្លាំងកងពល១៨ របស់លោកទាំងអស់ បានធ្វើសមាហរណកម្មក្នុងជួរកងយោធពលខេមរភូមិន្ទ។

កម្ពុជាបានយកថ្ងៃ១១ កុម្ភៈ ឆ្នាំ១៩៩៦នោះ គឺជាថ្ងៃចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ…និងរហូតដល់ថ្ងៃទី២៩ កក្កដា ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសន្តិភាពទាំងស្រុង និងការឯកភាពទឹកដីរបស់ខ្លួនជាលើកដំបូង ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាល៥០០ឆ្នាំកន្លងមកនេះ។

ads banner