គ.ជ.ប ចែកបណ្ណព័ត៌មានបោះឆ្នោតជូនអ្នកមានឈ្មោះបោះឆ្នោតសម្រេចបានជាង ៩៤ ភាគរយ

​ភ្នំពេញ៖ លទ្ធផលនៃ​ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣សម្រេចបានចំនួន​៩៤,១៣ភាគរយនៃចំនួន​អ្នកបោះឆ្នោតសរុប ៩,៧១០,៦៥៥ សន្លឹក។ 

​ឯកឧត្តម​ ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែមិថុនា​ បានឱ្យដឹងថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត​ទៅអ្នកមានឈ្មោះបោះឆ្នោត បានប្រព្រឹត្តិទៅតាំ​ងពីថ្ងៃទី ២៨ ខែឧសភា រហូតល់​២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយ​ចែកបានសរុប​ ចំនួន ៩៤,១៣ ភាគរយ។ចំនួនបណ្ណព័ត៌មានដែលនៅសល់​ ដោយសារតែប្រជាពលរដ្ឋ​បានធ្វើចំណាកស្រុកពីស្រុក​កំ​ណើត មកធ្វើការនៅទីក្រុងភ្នំពេញ និងក្រៅប្រទេសផងដែរ។ ដោយឡែកចំពោះឧបសគ្គដូចជាមិនមា​នបញ្ហានោះទេ ក្នុងដំណើការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ។

ឯកឧត្តម ហង្ស ពុទ្ធា បាន​ប្រាប់ថា ៖ «ចំពោះចំនួន ជាង ៥​ភាគរយ​ទៀត ដែលមិនទាន់បានចែកទៅដល់ដៃ អ្ន​កបោះឆ្នោតនេះ គ.ជ.ប នឹងបន្តចែក​ជូនបងប្អូនប្រជាបលរដ្ឋទៀត ប៉ុន្តែសាមីខ្លួនត្រូវទៅយកនៅគណៈក​ម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ចាប់ពីថ្ងៃទី ២៨ ខែមិថុនា​ រហូតដល់ ថ្ងៃទី២១ ខែកក្កដា ខាងមុខ»។​

លោក សំ​ គន្ធាមី នាយកប្រតិបត្តិអង្គការ និចហ្វិក បាន​ប្រាប់យ៉ាងខ្លី​ឱ្យដឹងនៅថ្ងៃទី ២៧ ខែមិថុនា​​ដោយលោកបាន​សារទរចំពោះ​លទ្ធផលនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ​ ដែលគ.ជ.ប បង្ហាញមានចំ​នួនច្រើន ដែល​លទ្ធផលនេះខាងលោកអាចទទួលយកបាន​។

ដោយឡែកទាក់ទងនឹង​ជុំវិញបញ្ហាការបោះឆ្នោតនេះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ចេញ​​សេចក្តីណែនាំពី​ការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យ​រាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ប្រាជ្ញ ចន្ទ បាន​លើកឡើងតាមរយៈសេចក្តី​ណែនាំថា ៖ «​ប្រធានគណៈកម្មការរាជធានី ខេត្ត​រៀបចំការបោះឆ្នោត (គធ.ខប), ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ត្រូវធ្វើការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ​ដើម្បីធានបាននូវ ដំណើរការបោះឆ្នោត​ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ»។

ឯកឧត្តមបញ្ជាក់ដែរថា ​អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត​ ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង​ គឺមាន​មន្រ្តីបោះឆ្នោតដែលបានទទួលការតែងតំាងពី គ.ជ.ប,ភ្នាក់ងារគណបក្សនយោបាយ ​ដែលបានចុះបញ្ជីគណបក្សនយោបាយ​ឈ​រ​ឈ្មោះ​បោះ​ឆ្នោ​​ត និងដែលត្រូវបានអនុញ្ញាត។

ឯកឧត្តមបន្តថា អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប, អ្នកសារព័ត៌មានដែលមានបណ្ណផ្តល់ឱ្យដោយ គ.ជ.ប និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដែល​ត្រូវបាន​អនុញ្ញាត​។​​

ឯកឧត្តម ប្រាជ្ញ ចន្ទ បាន​បញ្ជាក់ថា ៖ «គធ.ខប គឃ.សប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមូលដ្ឋាន និងតាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត»។

គធ.ខប និង គឃ.សប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។ នេះបើតាម​ការបន្ថែម​ពីឯកឧត្តម ប្រាជ្ញ ចន្ទ៕

ដោយ៖គឹម យុត្ថារ៉ូ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner