មន្រ្តី និងកម្មករជំនាញចំនួនជិត ៤០នាក់ បានទទួលវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពី«ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មករចំនួន ៣៧នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀប ចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា សម្រាប់មន្រ្តី-បុគ្គលិក និងកម្មករជំនាញ ដោយផ្តោតលើមាតិកាសំខាន់ៗផងដែរ។
មាតិកាទាំងនោះរួមមាន៖ សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត, វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា, សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា, ចុះសិក្សាផ្ទាល់នៅការដ្ឋានកំ ណាយសំខាន់ៗនៅក្នុងតំបន់អង្គរ វិធីធ្វើកំណាយ របៀបកត់ត្រាស្រទាប់ដី និងថតរូប និងសារសំខាន់នៃកំណាយបុរាណវិទ្យា និងបុរាណវត្ថុដែលប្រទះឃើញ។
តាមរយៈអាជ្ញាធរជាតិអប្សរា ថ្ងៃទី២៦ ខែមិថុនា លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានលើកឡើថា បើទោះបីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី តែនឹងផ្តល់ជាគន្លឹះយ៉ាងសំខាន់បន្ថែមទៀតសម្រាប់មន្រ្តី-បុគ្គលិកផ្នែកបុរាណវិទ្យា និងកម្មករជំនាញដែលធ្វើការផ្ទាល់នៅតាមការដ្ឋាន និងបានសិក្សានូវទ្រឹស្តីបន្ថែមដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពត្រឹមត្រូវតាមស្តង់ដារតែមួយ។
លោកបានថ្លែងថា ៖ «ដូច្នេះ វគ្គបណ្តុះបណ្តាលនាពេលនេះ ប្រៀបបានការបន្ថែមចំណេះដឹងឱ្យបានដឹងពីសញ្ញាណទូទៅនៃបុរាណវិទ្យា និងសញ្ញាណទូទៅនៃប្រវត្តិសាស្រ្ត»។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនាថា ការបណ្ដុះបណ្ដាលស្ដីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» នេះដើម្បីឱ្យមន្ត្រី បុគ្គលិកជំនាញរបស់អាជ្ញាធរជាតិអប្សរា កាន់តែមានការស្វែងយល់ទូលំទូលាយថែមទៀត ពីមូលដ្ឋានគ្រឹះអំពីប្រវត្តិសាស្រ្ត និងការធ្វើកំណាយក្នុងតំបន់អង្គរឱ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរឡើងផងដែរ។
ក្រៅពីនេះទៀត លោកថា ការបណ្ដុះបណ្ដាលនេះអាចធ្វើបន្តទៅទៀតបាន លុះត្រាតែវាអាស្រ័យទៅលើការវិវត្តស្ថានភាពការងារ ដែលមានន័យថាក្នុងមួយឆ្នាំៗមជ្ឍមណ្ឌលបណ្ដុះបណ្ដាលអង្គររបស់អាជ្ញាធរជាតិអប្សរា ត្រូវធ្វើការវាយតម្លៃជាមួយនាយកដ្ឋានផ្នែកជំនាញ។
លោកបន្តថា ប្រសិនជានាយកដ្ឋានទាំងនោះមានសេចក្ដីត្រូវការចង់បណ្ដុះបណ្ដាលបុគ្គលិក មន្ត្រីជំនាញ កម្មកររបស់ខ្លួននោះទៅលើផ្នែកអ្វីខ្លះ ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាធ្វើការពិភាក្សាគ្នារៀបចំវគ្គបណ្ដុះបណ្ដាល។
លោក ឡុង កុសល ប្រាប់ថា ៖ «ជារួម យើងពិភាក្សាគ្នា ហើយយើងស្វែងរកនូវគ្រូ ឬមុខវិជ្ជាដែលចាំបាច់សម្រាប់ធ្វើការបណ្ដុះបណ្ដាលដល់មន្ត្រី បុគ្គលិក ភ្នាក់ងាររបស់យើងទាំងអស់គ្នាឱ្យសមស្របទៅតាមស្ថានភាពនៃការងារ និងតម្រូវការនៃការងារ។ អ៊ីចឹងវាជាផែនការរួមរបស់យើងទៅថ្ងៃអនាគត យើងត្រូវតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទ្រទ្រង់អ្វីៗទាំងអស់នៅក្នុងតំបន់អង្គរ»។
លោកបន្ថែមថា អាជ្ញាធរអប្សរា ក៏ត្រូវតែមានបុគ្គលិក មន្ត្រី និងភ្នាក់ងារនានាដែលមានជំនាញឱ្យបានគ្រប់គ្រាន់ផងដែរ សម្រាប់ធ្វើកិច្ចការអភិរក្ស ជុសជុល និងស្វែងយល់កំណាយនៅក្នុងតំបន់អង្គរ ដូច្នេះបណ្ដុះបណ្ដាលទាំងនេះ វាគឺជាផែនការសម្រាប់ពង្រឹងដល់អ្នកបន្តវេទទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី-បុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងក្នុងកិច្ចការអភិរក្ស ជួសជុសបុរាណដ្ឋានក្នុងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង ដោយមានទាំងគ្រូជំនាញជាតិ និងអន្តរជាតិមកបង្រៀន។
លើសពីនោះ ក្រៅពីយកចិត្តទុកដាក់លើការអភិរក្ស និងជួសជុល ក៏មានបង្រៀនជំនាញសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងតំបន់អង្គរឱ្យមានភាពកក់ក្តៅ និងសុវត្ថិភាព៕
ដោយ៖ជា សុខនី