ផ្ទុះកំហឹងនៅបារាំង ករណីនគរបាលសម្លាប់យុវជនម្នាក់ បំពានច្បាប់ចរាចរណ៍
ប៉ារីស៖ ភាពតានតឹងនៅជាយក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីប៉ូលិសបានសម្លាប់អ្នកបើកបរវ័យជំទង់។ បន្ទាប់ពីប៉ូលិសបារាំងសម្លាប់ក្មេងជំទង់ ដែលរត់គេចពីការបញ្ឈប់ចរាចរណ៍ កំហឹងក៏បានផ្ទុះឡើង ខណៈកម្លាំងអនុវត្តច្បាប់ត្រូវបានដាក់ពង្រាយ នៅតំបន់ ណានតឺរ៉េ (Nanterre)។
ប៉ូលិសបារាំង កាលពីថ្ងៃអង្គារ បានសម្លាប់ក្មេងជំទង់ អាយុ ១៧ឆ្នាំម្នាក់ ដែលមិនព្រមឈប់សម្រាប់ការត្រួតពិនិត្យចរាចរណ៍ នៅខាងក្រៅទីក្រុងប៉ារីស។ កងកំលាំងចល័តចំនួនពីរត្រូវបានដាក់ពង្រាយនៅតំបន់ជាយក្រុងភាគខាងលិច កាលពីយប់ថ្ងៃអង្គារ។
ព្រះរាជអាជ្ញាបាននិយាយថា ក្មេងប្រុសអាយុ ១៧ ឆ្នាំរូបនេះកំពុងបើកបរក្នុងរថយន្តមួយគ្រឿង នៅជាយក្រុងប៉ារីស ភាគខាងលិច កាលពីព្រឹកថ្ងៃអង្គារ ស្រាប់តែប៉ូលីសបានបញ្ឈប់រថយន្ត ពីបទបំពានច្បាប់ផ្លូវជាច្រើន។
វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានផ្ទៀងផ្ទាត់ដោយ AFP បង្ហាញពីមន្រ្តីប៉ូលីសពីរនាក់កំពុងព្យាយាមបញ្ឈប់រថយន្ត ដោយម្នាក់បានចង្អុលអាវុធ ទៅកាន់អ្នកបើកបរតាមបង្អួច ហើយប៉ូលីសក៏បាញ់ ចំពេលគេបើកឡានចេញ។ រថយន្តបានចាកចេញប៉ុន្មានម៉ែត្រ មុនពេលជួបគ្រោះថ្នាក់ដោយការបាញ់សម្លាប់។ ភ្នាក់ងារសង្គ្រោះបន្ទាន់បានព្យាយាមជួយសង្គ្រោះក្មេងប្រុសរូបនោះ នៅកន្លែងកើតហេតុ ប៉ុន្តែគេបានស្លាប់ភ្លាមៗ បន្ទាប់ពីនោះ។
ការិយាល័យរដ្ឋអាជ្ញា ណានតឺរ៉េ (Nanterre) បាននិយាយថា មន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទបាញ់លើអ្នកបើកបរត្រូវបានឃុំខ្លួនពីបទមនុស្សឃាត។
ព្រឹត្តិការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានចម្ងល់ជុំវិញការត្រៀមខ្លួនរបស់កម្លាំងសន្តិសុខ ក្នុងការកេះកៃកាំភ្លើង។ ប៉ូលិសបង្ក្រាបកុបកម្ម បានឈរក្បែរភ្លើងដែលឆេះនៅតាមផ្លូវ បន្ទាប់ពីការធ្វើបាតុកម្មនៅ ណានតឺរ៉េ (Nanterre) ភាគខាងលិចទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលគេឃើញការមានដុតបំផ្លាញរថយន្តនានាផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត