ណាតូព្រមានប្រឆាំងនឹង “ការមើលស្រាល” លើរុស្ស៊ី
អាំស្ទែដាំ ៖ ប្រធានសម្ព័ន្ធយោធាអន្តរជាតិ ណាតូ ព្រមានប្រឆាំងនឹង “ការមើលស្រាល” ចំពោះប្រទេសរុស្ស៊ី បន្ទាប់ពីមានករណីទាហានស៊ីឈ្នួល។
អគ្គលេខាធិការ អង្គការសម្ព័ន្ធយោធាណាតូ (NATO) បាននិយាយថា ប្លុកនេះមិនគួរវាយតម្លៃសមត្ថភាពរបស់ទីក្រុងមូស្គូ ដោយខុសឆ្គងនោះទេ បន្ទាប់ពីក្រុមករណី ទាហានស៊ីឈ្នួល វ៉ាហ្គឺណឺ (Wagner)។
លោក Jens Stoltenberg អគ្គលេខាធិការនៃសម្ព័ន្ធយោធាណាតូបាននិយាយ កាលពីថ្ងៃអង្គារថា សមាជិកណាតូមិនត្រូវមើលស្រាលរុស្ស៊ីទេ បើទោះបីជាវិបត្តិដ៏ខ្លីដែលបង្កើតឡើងដោយការបះបោរបរាជ័យរបស់ក្រុមហ៊ុនយោធាឯកជន វ៉ាហ្គឺណឺ (Wagner) ក៏ដោយ។
«យើងទាំងអស់គ្នាបានឃើញព្រឹត្តិការណ៍នៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទាំងនេះគឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី» នេះជាអ្វីដែលលោក Stoltenberg បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយលើកហេតុផលថា ការបះបោរគឺជាសញ្ញានៃ “ភាពតានតឹងថ្មី” នៅក្នុងប្រទេស។
ប្រធានប្លុក ណាតូ រូបនេះបាននិយាយថា «ក្នុងពេលជាមួយគ្នានេះ យើងមិនត្រូវមើលស្រាលរុស្ស៊ីទេ” ដោយបន្ថែមថា សមាជិកណាតូនឹងបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគៀវ និងផ្ញើ “សារច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់យើង” នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសលីទុយអានី នៅខែក្រោយ»៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត