ថៃ៖ មេបក្ស Move Forward ជឿជាក់ថា ខ្លួននឹងក្លាយនាយករដ្ឋមន្ត្រី
បាងកក៖ បេក្ខភាពនាយករដ្ឋមន្ត្រីលំដាប់ជួរមុខរបស់ប្រទេសថៃ លោក Pita Limjaroenrat បានអះអាងថា លោកទទួលបានការគាំទ្រគ្រប់គ្រាន់ពីព្រឹទ្ធសភា ដើម្បីទទួលតំណែងជានាយករដ្ឋមន្ត្រី។
គណបក្ស Move Forward (MFP) ដែលកំពុងរីកចម្រើនរបស់ លោក Pita បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោត កាលពីខែមុន ខណៈដែលអ្នកបោះឆ្នោតបានផ្តល់នូវការបដិសេធយ៉ាងខ្លាំងចំពោះគណបក្សដែលមានទំនាក់ទំនងនឹងយោធា ដែលបានគ្រប់គ្រងប្រទេសថៃ អស់រយៈពេលជិតមួយទសវត្សរ៍។
លោក Pita Limjaroenrat គឺបេក្ខភាពនាយករដ្ឋមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនាថា លោកបានទទួលការគាំទ្រគ្រប់គ្រាន់ពីព្រឹទ្ធសភា ដើម្បីក្លាយជាប្រមុខរដ្ឋាភិបាល។
ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវតែឈ្នះសំឡេងភាគច្រើន នៅក្នុងសភាទាំងពីរ រួមទាំងព្រឹទ្ធសភា ដែលសមាជិកចំនួន ២៥០ ត្រូវបានតែងតាំងដោយយោធា។ សម្ព័ន្ធប្រាំបីគណបក្សរបស់លោក មាន សម្លេងភាគច្រើនក្នុងចំណោម ៣១២អាសនៈ នៅក្នុងសភាជាន់ទាប ប៉ុន្តែត្រូវការសម្លេងពីសមាជិកព្រឹទ្ធសភា ចំនួន៦៤ ដើម្បីអនុម័ត។
នៅពេលសួរ កាលពីថ្ងៃអង្គារថា តើសមាជិកព្រឹទ្ធសភាប៉ុន្មានរូបនឹងគាំទ្ររូបលោកនោះ លោក Pita បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសភាថៃថា “គ្រប់គ្រាន់សម្រាប់ខ្ញុំ ក្លាយជានាយករដ្ឋមន្ត្រី” ។
សម័យប្រជុំសភាដែលកើតចេញពីការបោះឆ្នោតនឹងត្រូវធ្វើឡើង នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រថៃ ហើយការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីគ្រោងធ្វើ នៅពាក់កណ្តាល ខែកក្កដា។
ការប្ដេជ្ញាចិត្តរបស់បក្ស Move Forward ក្នុងការផ្លាស់ប្តូរច្បាប់ប្រមាថព្រះមហាក្សត្រ បានធ្វើឱ្យមានការភ័យខ្លាចដល់រាជានិយម និងយោធាអភិរក្សនិយម ហើយអាចឈរក្នុងផ្លូវ របស់លោក Pita ។
យ៉ាងណាមិញ សមាជិកព្រឹទ្ធសភាជាច្រើនរូបបានប្រកាសរួចហើយថា នឹងមិនបោះឆ្នោតឱ្យលោកទេ។ លោក Pita បាននិយាយ កាលពីថ្ងៃអង្គារថា ជំហររបស់គណបក្សរបស់លោកលើផ្លាស់ប្តូរនេះ មិនមែនជាឧបសគ្គដល់ការបង្កើតរដ្ឋាភិបាលនោះទេ។
ក៏ប៉ុន្តែ លោក Pita ក៏កំពុងត្រូវបានស៊ើបអង្កេតដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត កំណត់ថាតើលោកពិតជាមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោតឬអត់ ដោយសារតែភាគហ៊ុនដែលលោកកាន់កាប់នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលសព្វថ្ងៃនេះ បានរលាយបាត់ទៅហើយ ព្រោះតែត្រូវបានហាមឃាត់ ដោយច្បាប់បោះឆ្នោត។
ក្រុមចម្រុះរបស់ លោក Pita បានប្រកាសពីផែនការដ៏មានមហិច្ឆតា ក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ ដែលព្រាងដោយរបបយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា ក្នុងឆ្នាំ ២០១៧ ក៏ដូចជា ការបញ្ចប់ការកេណ្ឌទាហាន និងអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត