លោក ពូទីន៖ រុស្ស៊ីបានគេចរួច ពីសង្គ្រាមស៊ីវិល
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីបានសរសើរទាហាន និងមន្រ្តីសន្តិសុខសម្រាប់ការដោះស្រាយរបស់ពួកគេក្នុងអំឡុងពេលការបះបោរ កាលពីសប្តាហ៍មុន ដោយក្រុមទាហានស៊ីឈ្នួល វ៉ាហ្គឺណឺ (Wagner)។
យោធារុស្ស៊ី និងភ្នាក់ងារអនុវត្តច្បាប់របស់ខ្លួនបានរារាំងជម្លោះប្រដាប់អាវុធផ្ទៃក្នុងដ៏ធំមួយនៅក្នុងប្រទេស កាលពីសប្តាហ៍មុន ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយសំដៅទៅលើការបះបោរដែលត្រូវបានរំសាយដោយប្រធានក្រុមទាហាន វ៉ាហ្គឺណឺ (Wagner) គឺលោក Evgeny Prigozhin ។
លោក ពូទីន បានប្រាប់កងកម្លាំងមួយក្រុម ដែលបានប្រមូលផ្តុំគ្នា នៅវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ក្នុងពេលផ្តល់ជារង្វាន់សម្រាប់ការខិតខំរបស់អ្នកទាំងនោះ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ថា “តាមពិត អ្នកបានបញ្ឈប់សង្គ្រាមស៊ីវិល ដោយធ្វើសកម្មភាពយ៉ាងជាក់លាក់ និងស្អិតរមួត” ។
លោកប្រធានាធិបតីបាននិយាយថា ការឆ្លើយតបរបស់ប្រជាជន ដែលសន្តិសុខរបស់រុស្ស៊ីពឹងផ្អែកលើនោះ បានអនុញ្ញាតឱ្យប្រព័ន្ធការពារសំខាន់ៗ និងប្រព័ន្ធរដ្ឋាភិបាលបន្តប្រតិបត្តិការ។ លោកបានកត់សម្គាល់ថា គ្មានអង្គភាពណាមួយត្រូវបានដកចេញពីជួរមុខនៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនឡើយ។
លោកប្រធានាធិបតីក៏បានអំពាវនាវឱ្យមានភាពស្ងៀមស្ងាត់មួយនាទី ដើម្បីចងចាំអ្នកបើកយន្តហោះយោធាដែលត្រូវបានសម្លាប់ដោយកងកម្លាំង Wagner ក្នុងអំឡុងពេលការបះបោរ។ លោកពូទីនបានសរសើរមន្រ្តីដែលបានស្លាប់ ដោយកិត្តិយស នៅពេលពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ។
កាលពីល្ងាចថ្ងៃសុក្រ លោក Prigozhin បានដឹកនាំកងកម្លាំងរបស់លោក ឱ្យដើរឆ្ពោះទៅទីក្រុងធំៗរបស់រុស្ស៊ី ដោយមានគោលដៅកំណត់ថា ដកឧត្តមសេនីយ៍ជាច្រើននាក់ ដែលគាត់បានចោទប្រកាន់ពីបទក្បត់ជាតិ។ យន្តហោះយោធាមួយចំនួនត្រូវបានបាញ់ទម្លាក់ ក្នុងអំឡុងពេលហែក្បួន។
ការបះបោរត្រូវបានលុបចោល នៅថ្ងៃបន្ទាប់ បន្ទាប់ពីបេឡារុស្សបានសម្រុះសម្រួលកិច្ចព្រមព្រៀងជាមួយទីក្រុងម៉ូស្គូ។ លោក Prigozhin បានពន្យល់ពីការសម្រេចចិត្តរបស់លោកដោយនិយាយថា លោកចង់ជៀសវាងការបង្ហូរឈាមដ៏ធំ។
លោកពូទីនបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនកាត់ទោសទាហាន Wagner ឬមេដឹកនាំរបស់ពួកគេទេ។ លោកបានអញ្ជើញទាហានឱ្យចូលរួមក្នុងជួរនៃកងទ័ពរុស្ស៊ីធម្មតា ឬ ចូលនិវត្តន៍ពីយោធា ឬដើរតាម លោក Prigozhin ទៅបេឡារុស ដែលប្រទេសនេះយល់ព្រមទទួលឲ្យរស់នៅ៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត