សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាចំពោះកម្មករនិយោជិត ខណៈបញ្ហា ១០ចំណុច ត្រូវបានដោះស្រាយរួចហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បានកំពុងបន្តដោះស្រាយបញ្ហាចំពោះកម្មករនិយោជិតបន្ថែមទៀត ខណៈបញ្ហា ១០ចំណុច ត្រូវបានដោះស្រាយរួចហើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃពុធទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ដំណើរចុះជួបបងប្អូនកម្មករនិយោជិតរបស់សម្តេច មិនមែនជាការជិះសេះមើលផ្កានោះទេ គឺដើម្បីស្វែងរកវឌ្ឍនភាព និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករនិយោជិតដែលជួបបញ្ហា។

សម្តេច បញ្ជាក់ថា រាជរដ្ឋាភិបាល បានកំពុងបន្តដោះស្រាយបញ្ហាបន្ថែមទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត។ សម្ដេចថា រាជរដ្ឋាភិបាល បានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា៖ បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្ស ជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត ខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner