សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីរំលឹកថ្ងៃបង្កើតបក្សខួបលើកទី៧២ នៅថ្ងៃទី១ ខែកក្កដា ចំថ្ងៃបើកនៃយុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះ គឺជាខួប៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីរំលឹកថ្ងៃបង្កើតបក្ស ខួបលើកទី៧២ នៅថ្ងៃទី១ ខែកក្កដា ចំថ្ងៃបើកនៃយុទ្ធនាការឃោសនាបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ដេចតេជោ បានមានប្រសាសន៍ថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួប៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ។ នៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា មិនបានរៀបចំពិធីរំលឹកថ្ងៃបង្កើតគណបក្សខួបលើកទី៧២ នៅចំថ្ងៃទី២៨ មិថុនា នោះទេ ដោយនឹងត្រូវរៀបចំនៅថ្ងៃទី១ ខែកក្កដា ដែលចំថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតវិញ ។
សម្ដេច បន្តថា តែយ៉ាងណា ក៏យើងមិនឲ្យចន្លោះប្រហោង ហើយនៅក្នុងថ្ងៃនេះ ឃើញមានសាររបស់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា បានបង្ហោះព្រោងព្រាត ស្ដីអំពីខួបអនុស្សាវរីយ៍លើកទី៧២ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានអាយុ ៧១ឆ្នាំ ខណៈគណបក្ស មានអាយុ ៧២ឆ្នាំ ដូចនេះ សម្តេចកើតក្រោយគណបក្ស ១ឆ្នាំ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ