មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ដោយដកហូតសារធាតុញៀនជាង៧គីឡូក្រាម។
រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង១០នាទីកន្លងទៅ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម្ភ, លោកវរសេនីយ៍ឯក ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក អ៊ុ សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអាយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបនៅ ០២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ២នាក់ និងសារធាតុញៀនជាង៧គីឡូក្រាម។
តាមរបាយការណ៍បានឲ្យដឹងថា គោលដៅទី១ តាមបណ្ដោយផ្លូវប៉ូឡារីស មុខឡានទឹក ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅផ្ទះលេខ២៥ ផ្លូវ E០៣ គម្រោង១០ បុរីប៉េងហួតបឹងស្នោ ភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០២នាក់ រួមមាន ៖ ១.ឈ្មោះ ង្វៀង ទៀងមិញ ភេទប្រុស ជនជាតិវៀតណាម កើតនៅឆ្នាំ១៩៩១ . ២.ឈ្មោះ ង្វៀង វ៉ាន់ណឹង ភេទប្រុស ជនជាតិវៀតណាម កើតនៅឆ្នាំ១៩៨៩ ចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀន បីប្រភេទ ទម្ងន់សរុប ៧គីឡូក្រាម ៦៤៥ក្រាម ៩៨ (-មេតំហ្វេតាមីន ៧៩០.៩៣ក្រាម, -MDMA ៣២១៥.០៥ក្រាម,-ហេរ៉ូអីន ៣៦៤០ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕
ដោយ ៖ ភារ៉ា និងប៊ុនធី