ថ្ងៃទី២៩ មិថុនា ព្រឹទ្ធសភាបន្តសម័យប្រជុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន ៦ផ្សេងទៀត

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត។ ការកំណត់ថ្ងៃប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ។
២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខលផៅវ័រ សម្រាប់អនុវត្តគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ។

៣-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡាផៅវ័រ
ឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ។

៤-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ
អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។

៥-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុ-ភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង ។

៦-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុ-ភាព ៦០មេហ្កាវ៉ាត់ ខេត្តកំពងឆ្នាំង ។

៧-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ទឹង មេទឹក ហាយដ្រូផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០មេហ្កាវ៉ាត់ខេត្តកោះកុង។

ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាតរួចមក យល់ឃើញថា សេចក្តីព្រាងច្បាប់ននេះ មានលក្ខណៈត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់ ហើយបានសម្រេចយល់ព្រមដាក់សេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។

អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត រៀបចំឡើងដើម្បីលលកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចរឹកទុកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលច្បាប់កំពូលរបស់ជាតិ ពិសេសដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្តថា វិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោត ឬប្រជាពលរដ្ឋក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឲ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោតដែលរៀបចំដោយគណៈកម្មការរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមមុខនៅការដកហូតជាបណ្តោះអាសន្នសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ឬការហាមឃាត់មិនឲ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner