ចំបាប់កម្ពុជា ជោគជ័យខ្លាំងពីការប្រកួតកម្រិតអន្តរជាតិ ក្រោយបញ្ចប់ស៊ីហ្គេម

ភ្នំពេញ ៖ ក្រុមកីឡាចំបាប់កម្ពុជាអាយុក្រោម ១៧ឆ្នាំ ដណ្ដើមបានមេដាយ ៣គ្រឿង ពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកកីឡាចំបាប់ ដែលដឹកនាំអត្តពលិកចំបាប់កម្ពុជា ក្នុងបេសកកម្មនេះបានបញ្ជាក់ពីប្រទេសថៃមកថា មេដាយ៣គ្រឿងនេះ គឺមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើ លើវិញ្ញាសាទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម និងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន ទម្ងន់ ៥៣គីឡូក្រាម។

ក្រុមកីឡាចំបាប់កម្ពុជា នៅសល់ការប្រកួតអាយុក្រោម ២០ឆ្នាំទៀត ដែលត្រូវ ប្រកួតនាថ្ងៃទី២៩ ខែមិថុនានេះ ដោយកីឡាករ អ៊ុល សៅហេង វិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម, ស៊ីម គាថា ៥០គីឡូក្រាម, សម្បត្តិ វណ្ណៈ ៥៧គីឡូក្រាម និងជឿន ស្រីឡែន ៦២គីឡូក្រាម។

ចំពោះការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលធ្វើនៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) នាខេត្ត Phetchabun នេះ គឺមានការប្រកួតទាំងក្រុមអាយុក្រោម១៣ឆ្នាំ ក្រោម ១៥ឆ្នាំ ក្រោម១៧ ឆ្នាំ និងអាយុក្រោម ២០ឆ្នាំ ទាំងលើចំបាប់ឆ្នេរខ្សាច់ និងចំបាប់លើកម្រាល។ ប៉ុន្តែសម្រាប់សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនតែក្រុមអាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ២០ឆ្នាំចូលរួមប៉ុណ្ណោះ ដោយមានកីឡាករ២នាក់ និងកីឡាការិនី៧នាក់ ដោយប្រកួតចំបាប់លើកម្រាលដូចគ្នា ហើយក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក កាង ដែនពិសិដ្ឋ និងគ្រូជំនួយ លោក នុត សុផុល គឺក្រុមប្រតិភូកីឡាចំបាប់កម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍នេះ មានអត្តពលិកចូលរួមប្រមាណ ៣០០នាក់ ដែលសុទ្ធសឹងតែជាអ្នកចំបាប់មកពីតាមក្លិបផ្សេងៗ នៅក្នុងប្រទេសថៃ ខណៈលោក កាង ដែនពិសិដ្ឋ បានមើលឃើញថា ការប្រកួតនឹងមានភាពស្វិតស្វាញ ដែលនឹងផ្តល់ផលចំណេញដល់ក្រុមចំបាប់កម្ពុជា ជាពិសេសក្រោមអាយុក្រោម១៧ឆ្នាំ ដោយពួកគេត្រូវការបទពិសោធន៍ប្រកួត នៅក្រៅប្រទេសបែបនេះ ដើម្បីពង្រឹងសមត្ថភាព និងស្មារតីប្រយុទ្ធឱ្យកាន់តែរឹងមាំ ក្នុងការឈានឆ្ពោះទៅកាន់ការប្រកួតធំៗ នៅលើឆាកអន្តរជាតិ នាពេលអនាគត ៕
ដោយចាន់ វិចិត្រ (រូបភាព៖ សហព័ន្ធកីឡាចំបាប់កម្ពុជា)

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner