កម្មករ​ម្នាក់​បាន​ស្លាប់ និង​ជាង៤០​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅកំពង់ឆ្នាំង

អត្ថបទដោយ៖
CPA

កំពង់ឆ្នាំង ៖ផ្អែកតាម​​របាយការណ៍របស់​ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាន​​ឱ្យដឹងថា​ រថយន្ត​ដឹកកម្មករ​ដែល​មាន​កម្មករ កម្មការិនី​​ជិត​៦០នាក់ បាន​រងគ្រោះថ្នាក់​ក្នុង​ករណី​រវាងរថយន្ត​ និង​ម៉ូតូ​​នា​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ដែលបានបណ្តាលឱ្យ​មនុស្ស​ម្នាក់ស្លាប់ និង​ជាង៤០ នាក់​ផ្សេង​ទៀត​​រងរបួស​ធ្ងន់ និង​ស្រាល។

របាយការណ៍ដដែល​បាន​លើកឡើងនាថ្ងៃទី​២៨ ខែមិថុនា ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើង​នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ​​ក្នុង​ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​បាន​បណ្តាល​ឱ្យ​កម្មការិនីរោងចក្រម្នាក់បានស្លាប់ និង​​៤២នាក់ផ្សេង​ទៀត បានរងរបួសធ្ងន់ និងស្រាល​ ខណៈដែល​អ្នកបើកបររថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​ផងដែរនាពេលនោះ។​

​យោងតាម​​​​​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បាន​ឱ្យដឹងដែរថា ​គ្រោះ​ថ្នាក់ចរាចរណ៍នេះ​​ កើតឡើង​នៅ​ពេល​ដែលរថយន្ត​​ដឹកកម្មករ​ចេញ​ពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះវិញ ដល់​ចំណុច​កើត​ហេតុ​មាន​ម៉ូតូ​ដួល​នៅ​ខាងមុខ​រថយន្ត ហើយ​រថយន្ត​ចាប់​ហ្វ្រាំង​បន្ទាន់​ទើប​បណ្ដាល​ឱ្យរថយន្ត​ក្រឡាប់​តែ​ម្ដ​ង។

អង្គការសង់ត្រាល់​ បានបន្តថា ​ជនរងគ្រោះដែល​​បាន​បាត់បង់​ជីវិត​ឈ្មោះ ព្រំ ឈឺន ​​អាយុ៣៦ ឆ្នាំ ​រស់នៅ​នៅ​ភូមិ​ចា ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ​ជា​កម្មការិនី នៅ​​រោងចក្រ​ស្បែកជើង Tripos International Co. Ltd។ ចំណែក​ឯ​កម្មករ​ដែល​រងរបួស​ធ្ងន់ និង​ស្រាល​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង និង​ខ្លះ​ទៀត​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាលម៉ែត្រផងដែរ​។​​

ទាក់ទងករណី​គ្រោះថ្នាក់ចរាចរណ៍​មកលើកម្មករ​ កម្មការិនីនៅតែកើតមាន​ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់ឱ្យដឹងថា លោកនៅតែមានការព្រួយបារម្ភចំពោះករណីគ្រោះថ្នាក់ចរណ៍លើកកម្មករកម្មការិនី ក្នុងរយៈពេ​លកន្លងមក និងនៅតែបន្តកើត​ឡើង​ចំពោះពួកគេ​។

លោក​បាន​បន្តថា ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គួរតែមានការផ្សព្វផ្សាយ អប់រំដល់អ្នកបើកបរ​ឱ្យបានយល់ដឹ​ងពីច្បាប់ចរាចរណ៍ផ្លូវគោក និង​បង្កើនការប្រុង​ប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត។

​ចំណែក លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ​បាន​លើកឡើង​ថា ការចុះបណ្តុះបណ្តាល និងផ្ស​ព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ​ដល់អ្នកបើកបរយានយន្ដដឹកកម្មករ និង​កម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ដែល​ត្រូវបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាពក្នុងពេលធ្វើដំណើរ។

​លោក​បានបន្តថា ​កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់  បើកបរមិនគោរពសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ ការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យយានយន្ដតាមលក្ខណៈបច្ចេកទេសជាដើម។

​លោក ហេង សុផាន់ណារិទ្ធ​ បញ្ជាក់ថា ៖ «​ទោះបី ជាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោ​កនេះ មិនអាចជួយឱ្យប​ងប្អូនជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ពិតមែន ប៉ុន្តែក៏ជាចំណែកមួយ ដើម្បីបញ្រ្ជាបឱ្យអ្នកបើកបររថយន្ដដឹកកម្មករ និង​កម្មករ​ទាំងអស់ បើកបរដោយមានទំនួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ ហើយត្រូវចេះទទួលខុសត្រូវលើវាសនាខ្លួនឯង និងត្រូវស្រឡាញ់អាយុជីវិតអ្នកដទៃ ឱ្យដូចជីវិតខ្លួនឯង»​។

​​​ក្នុង​ឱកាស​ចុះ​មូលដ្ឋានដើម្បី​សួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃទី​២៨ ខែមិថុនា សម្ដេចចៅហ្វាវាំង គង់ សំអុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក៏បាន​​ចូលសួរសុខទុក្ខ និងឧបត្ថម្ភថវិកា​កម្មករ កម្មការិនីរោងចក្រ​ដែលរងគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចផងដែរ​៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner