បណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវសប្បុរសជនបន្តឧបត្ថម្ភធនធានដើម្បីគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ អគ្គមេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនខ្មែរ បន្តឧបត្ថម្ភធនធានជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិ ។
ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនសរុបចំនួន ២៣០ គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង ។ឯកឧត្តមថ្លែងយ៉ាងដូច្នេះថា៖«ក្នុងនាម សម្តេចទាំងទ្វេ ខ្ញុំសូមសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ។ ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវដំណើរការកំណែទម្រង់របស់ខ្លួន សំដៅកសាង និងពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ ធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ»។
ជាមួយគ្នានេះបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវលើកទឹកចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបម្រើដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងឆ្អឹងខ្នងនៃខឿនការពារជាតិ ។
ក្នុងពិធីនោះដែរលោក ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងថា រថយន្តដឹកជញ្ជូនចំនួន ៥គ្រឿង ដែលទទួលបាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បម្រើឱ្យការដឹកជញ្ជូន យុទ្ធោបករណ៍ សម្ភារសឹក ដឹកកងកម្លាំង និងប្រតិបត្តិការ ចុះជួយប្រជាពលរដ្ឋ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ កាលពីថ្ងៃទី ១២ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញ និងលើកទឹកចិត្តខ្ពស់ដល់ការចូលរួមចំណែករបស់សប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិនានា ដើម្បីរួមចំណែកដោះស្រាយត្រូវរាល់ការលំបាកខ្វះខាតរបស់ កងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឱ្យបាននូវសុខុមាលភាព សម្រាប់បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការធានាបាននូវសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ៕ ដោយ៖ សុខ រក្សា