វិទ្យាល័យ ជាស៊ីមសាមគ្គី និងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ នឹងជួបគ្នាប្រជែងដណ្តើមតំណែងជើងឯក ការកួតបាល់ទាត់យុវជនក្រោ១៨ឆ្នាំប្រចាំ២០២៣ រាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រុមខ្លាំងចំនួនពីរក្រុមដែលត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯកការប្រកួតកីឡាបាល់ទាត់យុវជនរាធានីភ្នំពេញ ក្រោមអាយុ ១៨ឆ្នាំ ប្រចាំឆ្នាំ២០២៣ បានរកឃើញហើយ គឺក្រុមបាល់ទាត់វិទ្យាល័យជាស៊ីមសាមគ្គី និងក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ ។
ក្រុមខ្លាំងទាំងពីរនេះ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម ជ្រោយង្វារ នាព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៣ គឺក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ បានប្រកួតយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យជាស៊ីមជ្រោចង្វារក្នុងលទ្ធផល៥ទល់០ ខណៈដែលក្រុមបាល់ទាត់វិទ្យាល័យជា ស៊ីម សាមគ្គី បានប្រកួតយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យបាក់ទូក ក្នុងលទ្ធផល ៤ ទល់ ១ ។ ដូច្នោះការប្រកួតវគ្គផ្តាច់ ដណ្តើមតំណែងជើងឯកដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ស្អែកនេះ ក្រុមវិទ្យាល័យជាស៊ីមសាមគ្គីប្រកួតជាមួយវិទ្យាល័យស្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ រីឯក្រុមបាល់ទាត់វិទ្យាល័យជាស៊ីមជ្រោចង្វារ ជួបប្រកួតជាមួយក្រុមបាល់ទាត់វិទ្យាល័យបាក់ទូកដណ្តើមចំណាត់លេខ៣។
លោក ស្រេង សេង ប្រធានការិយាល័យកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំជើងឯករាជធានីភ្នំពេញបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ហើយការប្រកួតនេះរៀបចំនៅទីលានវិទ្យាល័យបឹងត្របែក និងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ តាមផែនការប្រចាំឆ្នាំ ដែលជាគោលបំណងជំរុញកីឡាបាល់ទាត់យុវជន នៅរាជធានីភ្នំពេញ ឲ្យមានការរីកចម្រើន។
លោក ប្រធានការិយាល័យ និងកីឡា បានបញ្ជាក់ទៀតថា ការប្រកួតនេះដែរមានចំនួន ៧ ក្រុមចូលរួមហើយការប្រកួតរៀបចំប្រកួតតាមរូបមន្តបែងចែកជាពូលជាពីរពូល គឺពូលA និងពូលB ដោយតាមពូលនីមួយៗ ត្រូវប្រកួតវិលជុំក្នុងពូលរួចយកចំណាត់ថ្នាក់លេខ ១ និងលេខ ២នៅក្នុងពូលនីមួយៗមកប្រកួតខ្វែងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រាត់តែម្ដង។
សូមជម្រាប់ថា ក្រុមបាល់ទាត់យុវជនមកពីវិទ្យាល័យក្នុងរាធានីភ្នំពេញ ដែលដណ្តើមបានតំណែងជើងឯកការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំជើងឯករាជធានីភ្នំពេញ នឹងក្លាយជាក្រុមតំណាងបន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ត្រៀមចូលរួមការប្រកួតជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ដែលនឹងដំណើរការប្រកួតផ្លូវការនៅពេលខាងមុខ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា៕
អត្ថបទ៖ ជាវ ចន្ធូ