ការលុបចោលប្រពៃណីរាប់អាយុបុរាណធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងមានវ័យក្មេងជាងមុន
សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូងទូទាំងប្រទេស ស្រាប់តែក្លាយជាមានអាយុក្មេងជាងមុនមួយឆ្នាំ ឬពីរឆ្នាំ ក្រោយការកែប្រែដោយលុបវិធីសាស្ត្ររាប់អាយុប្រពៃណីរបស់ប្រទេសឱ្យស្របតាមស្តង់ដារអន្តរជាតិ បានចូលជាធរមាន។
ច្បាប់ថ្មីនេះ នឹងលុបចោលប្រព័ន្ធប្រពៃណីមួយដែលប្រទេសកូរ៉េធ្លាប់បានចាត់ទុករាល់ទារកដែលចាប់កំណើតភ្លាមមានអាយុ ១ឆ្នាំ ឬ២ឆ្នាំ ឬគេហៅថា ជាការរាប់អាយុចាប់តាំងពីទារកនៅក្នុងពោះម្តាយ។ ច្បាប់ថ្មី នឹងប្តូរមកការរាប់អាយុក្រោយការចាប់កំណើតវិញ ដែលជាស្តង់ដារអន្តជាតិ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកយ៉ូន ស៊ូក យោល( Yoon Suk-yeol) បានជំរុញឱ្យមានការផ្លាស់ប្តូរនេះយ៉ាងខ្លាំង ចាប់តាំងពីពេលដែលគាត់បានចូលកាន់តំណែងភ្លាម។ លោកប្រធានាធិបតីបាននិយាយថា វិធីសាស្ត្ររាប់អាយុបែបប្រពៃណីនេះគឺជា « រឿងមិនចាំបាច់សម្រាប់សង្គម និងខ្ចះខ្ចាយសេដ្ឋកិច្ចជាតិ»។ ជាឧទាហរណ៍ វិវាទតែងកើតឡើងលើការបង់ប្រាក់ធានារ៉ាប់រង និងការកំណត់សិទ្ធិទទួលបានកម្មវិធីជំនួយរបស់រដ្ឋាភិបាល។
ជាមួយគ្នានេះ លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្មរបស់រដ្ឋាភិបាលបានប្រាប់សន្និសីទ
សារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «យើងរំពឹងថាជម្លោះផ្លូវច្បាប់ ពាក្យបណ្តឹង និងការភ័ន្តច្រឡំក្នុងសង្គមនានាដែល បង្កឡើងដោយសាររបៀបគណនាអាយបុរាណនេះនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង» ។
គួរជម្រាបថាប្រព័ន្ធរាប់បែបប្រពៃណីត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងសង្គមកូរ៉េ និងនៅកន្លែងធ្វើការ រាប់សតវត្សមកហើយ។ តាមការរាប់បុរាណនេះ ទារកទើបនឹងកើត នឹងត្រូវរាប់ថាមានអាយុមទតឆ្នាំនិងពេលឈានចូលដល់ថ្ងៃទី ១មករា ទារកនោះនឹងត្រូវបូកបន្ថែមមួយឆ្នាំទៀត។ ជាឧទាហរណ៍ ទារកដែលកើតចំថ្ងៃ ៣១ ខែធ្នូ នឹងមានអាយុពីរឆ្នាំ ក្រោយកើតបានមួយថ្ងៃ។
ការផ្លាស់ប្តូរនេះ ទទួលបានការគាំទ្រពីសំណាក់ប្រជាជនកូរ៉េខាងត្បូងភាគច្រើន។ យោងតាមការស្ទង់មតិដោយក្រុមហ៊ុនក្នុងស្រុក Hankook Research នៅក្នុងខែមករា ឆ្នាំ ២០២២ ប្រជាជនកូរ៉េខាងត្បូង ៣ នាក់ក្នុងចំណោម ៤ នាក់ក៏បានគាំទ្រ ចំពោះការកំណត់ស្តង់ដារថ្មីនេះ។
លោក Choi Hyun-ji អាយុ ២៧ ឆ្នាំជាបុគ្គលិកការិយាល័យនៅទីក្រុងសេអ៊ូលបាននិយាយថា៖ «ខ្ញុំហៀបនឹងឈានចូលអាយុ ៣០ ឆ្នាំនៅឆ្នាំក្រោយទៅហើយ (ក្រោមប្រព័ន្ធអាយុប្រពៃណីរបស់កូរ៉េ) ប៉ុន្តែឥឡូវនេះខ្ញុំមានពេលវេលាបន្ថែមទៀត ខ្ញុំចូលចិត្តវាល្អណាស់ដែលមានអារម្មណ៍ថាក្មេងជាងមុន»។
គួរបញ្ជាក់ថា វិធីសាស្រ្តរាប់អាយុបែបប្រពៃណីនេះ ក៏ត្រូវបានប្រើប្រាស់ដោយប្រទេសអាស៊ីបូព៌ាមួយចំនួនផងដែរ ប៉ុន្តែត្រូវបានប្រទេសទាំងនោះចាប់ផ្តើមបោះចោលជាបន្តបន្ទាប់។ ប្រទេសជប៉ុនបានទទួលយកស្តង់ដារអន្តរជាតិនៅឆ្នាំ ១៩៥០ ហើយសូម្បី ប្រទេសកូរ៉េខាងជើងបានក៏បានបោះបង់វិធីសាស្ត្ររាប់អាយុបុរាណនេះក្នុងទសវត្សរ៍ឆ្នាំ ១៩៨០៕
ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.reuters.com/world/asia-pacific/south-koreans-become-year-or-two-younger-traditional-way-counting-age-scrapped-2023-06-28/