រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​៖ ​គ្មាន​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​​ស្ថិត​នៅ​ក្រោម​ការ​ចរចា​ជាមួយ​អ៊ីរ៉ង់​នោះ​ទេ​

អាមេរិក៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អ៊ែនថូនី​ ប្ល៊ីងកែន​( Blinken) បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ទី​ ២៨ ខែ​មិថុនា​ ថា​  ​​គ្មាន​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ថ្មី​ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ចរចា​ជាមួយ​អ៊ីរ៉ង់​នោះ​ទេ​ ​​បន្ទាប់​ពី​ទំនាក់​ទំនង​ការ​ទូត​ថ្មី​រវាង​សត្រូវ​​ទាំង​២​ក្លាយ​ជា​​ស្ងប់​ស្ងាត់​​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។​​

​លោក​ ប្លីនកេន(Blinken) ​បាន​​ថ្លែង​នៅ​ឯ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការ​បរទេស​​​នៅ​ទីក្រុង​ញូវយ៉ក​ថា​​៖ «​គ្មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​នោះ​ទេ​ បើ​ទោះ​បី​ជា​យើង​បន្ត​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ផ្លូវ​ការ​ទូត​ក៏​ដោយ​»​។ លោក​បាន​​​​​អំពាវ​នាវឱ្យ​អ៊ីរ៉ង់​ជ្រើស​រើស​ «​មិន​ចាត់​វិធានការ​ដែល​បង្កើន​ភាព​តាន​តឹង​»​ ជាមួយ​សហរដ្ឋ​អាមេរិក​ និង​នៅ​មជ្ឈិម​បូព៌ា​ ដោយ​និយាយ​ថា​ សកម្មភាព​អ៊ីរ៉ង់​នឹង​បង្ហាញ​ឱ្យ​ឃើញ​ការ​ជ្រើ​ស​រើស​បែប​នោះ​។

គួរ​រំឭក​ថា​ ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន​ បាន​ចូល​កាន់​ដំណែ​ង​​​ ដោយ​សង្ឃឹម​ថា​នឹង​ស្វែង​រក​​ការ​ស្ដារ​ឡើង​វិញ​នៃ​កិច្ច​ព្រម​ព្រៀង​​​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​អតីត​ប្រធានា​ធិបតី​ ដូណាល់​ ត្រាំ​ ដក​ខ្លួន​ចេញ​។ ទោះ​បី​ជា​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ​កិច្ចចរចា​ដែល​សម្រប​សម្រួល​ដោយ​សហភាព​អឺរ៉ុប​បាន​ដួល​រលំ​ជា​ច្រើន​ជុំ​ ហើយ​​ភាព​ចលាចល​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​មុន​ បាន​ធ្វើ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ស្ទាក់​ស្ទើរ​កាន់​តែ​ខ្លាំង​ឡើង​ ​ក្នុង​ការ​សម្រេច​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​នេះ​។

ចំណែក​ក្រុម​អ្នក​ការ​ទូត​និយាយ​ថា​ កិច្ច​ពិភាក្សា​ដោយ​ប្រយោល​បាន​បន្ត​ដោយ​ស្ងប់​ស្ងាត់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ​ដោយ​មាន​​ប្រទេស​អូម៉ង់​ជា​អ្នក​សម្រប​សម្រួល​ ដែល​​ផ្តោត​ជា​សំខាន់​លើ​ស្ថានភាព​អ្នក​ទោស​អាមេរិក​នៅ​អ៊ីរ៉ង់​។​

កន្លង​មក​ កិច្ច​ពិភាក្សា​ស្តី​ពី​ការ​ស្ដារ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​ត្រូវ​បរាជ័យ​ជុំវិញ​​វិវាទ​លើ​វិសាលភាព​នៃ​ការ​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់​ និង​ការ​ទាម​ទារ​ផ្សេង​ៗ​ឱ្យប្រទេស​​អ៊ីរ៉ង់ ដែល​ចាត់​ទុក​កម្មវិធី​​នុយក្លេអ៊ែរ​របស់​ខ្លួន​ក្នុង​ន័យ​ «សន្តិភាព​» ​គោរព​តាម​។ ​

លោក​ ប្ល៊ីងកែន​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ដដែល​ថា​ ​​រដ្ឋ​បាល​ បៃដិន​ ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ស្មោះត្រង់​ជាមួយ​មហា​អំណាច​អឺរ៉ុប​ក៏​ដូច​ជា​គូ​ប្រជែង​ចិន​និង​រុស្ស៊ី ដើម្បីនាំ​យក​កិច្ច​​ព្រម​ព្រៀង​​មក​​វិញ​​​នៅ​ពេល​វេលា​សម​ស្រប​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា ប្រភព​៖ Blinken says no nuclear deal on table with Iran

ads banner