ពលរដ្ឋចិន បង្ហាញក្តីកង្វល់ចំពោះសុវត្ថិភាពចំណីអាហារ បន្ទាប់ពីរកឃើញក្បាលកណ្ដុរនៅក្នុងប្រអប់អាហារ

ប៉េកាំង៖ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ខែមិថុនានេះ បានរាយការណ៍ថា នេះជាលើកទីពីរក្នុងខែមិថុនាដែលគេបានរកឃើញក្បាលសត្វកណ្ដុរនៅក្នុងប្រអប់អាហារនៃអាហារដ្ឋានមួយកន្លែងនៅប្រទេសចិន ដែលបង្កឱ្យមានការភ្ញាក់ផ្អើលតាមប្រព័ន្ធអ៊ីនធឺណិត និងផ្ទុះការជជែកវែកញែកអំពីសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេស។
ទន្ទឹមគ្នានេះដែរ ក្បាលសត្វកកេរក៏ត្រូវបានរកឃើញនៅក្នុងប្រអប់អាហារនៅក្នុងអាហារដ្ឋាននៃមន្ទីរពេទ្យឱសថបុរាណចិននៃស្រុក Xiushan នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយបានដកស្រង់សេចក្តីថ្លែងការណ៍ពីការិយាល័យគ្រប់គ្រងទីផ្សារនៃស្រុកនៃក្រុង Chongqing ។
វីដេអូមួយដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិត បង្ហាញពីក្បាលកណ្ដុរនៅក្នុងចានសម្លរ moyuya ហើយក៏មាននៅក្នុងសម្លខសាច់ទាជាមួយ konjac ដែលជាអាហារពិសេសក្នុងតំបន់ នេះបើយោងតាមសារព័ត៌មាន China Daily ។
ខាងមន្ទីរពេទ្យបានរៀបរាប់ដែរថា ការផ្គត់ផ្គង់អាហារនៅក្នុងអាហារដ្ឋានរបស់យើងគឺត្រូវបានរៀបចំដោយអ្នកផ្គត់ផ្គង់ខាងក្រៅតាមរយៈការដេញថ្លៃរបស់រដ្ឋាភិបាល ហើយក៏មិនដែលជួបប្រទះបញ្ហាបែបនេះពីមុនមកទេ នេះបើយោងតាមរបាយការណ៍ដែលបានដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ។
យ៉ាងណាក៏ដោយ ខាងមន្ត្រីមន្ទីរពេទ្យដែលមិនបានបញ្ចេញអត្តសញ្ញាណម្នាក់ សុំមិនបញ្ចេញមតិយោបល់អ្វីទាំងអស់ តែប្រាប់ខាងសារព័ត៌មាន Reuters ឱ្យទៅស្វែងរក របាយការណ៍ផ្លូវការ ទៅវិញ។
គួរបញ្ជាក់ដែរថា វាជាលើកទីពីរហើយ ដែលគេរកឃើញក្បាលកណ្ដុរនៅក្នុងម្ហូបក្នុងខែនេះ បន្ទាប់ពីនិស្សិតម្នាក់នៅមហាវិទ្យាល័យពហុបច្ចេកទេសឧស្សាហកម្ម Jiangxi ក្នុងទីក្រុង Nanchang បានបង្ហោះវីដេអូអំពី “អ្វីម្យ៉ាងដែលមានធ្មេញ ភ្នែក និងច្រមុះ” នៅក្នុងចានបាយរបស់គាត់នៅអាហារដ្ឋានក្នុងមហាវិទ្យាល័យ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលបានចុះនៅថ្ងៃទី០១ ខែមិថុនា។
ពាក់ព័ន្ធបញ្ហានេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភចំពោះសន្តិសុខស្បៀងអាហារបន្ទាប់ពីបានឃើញឧប្បត្តិហេតុទាំងពីរបានកើតឡើង។ អ្នកប្រើប្រាស់ម្នាក់នៅលើគេហទំព័រ Twitter បានប្រាប់ទៀតថា៖«ចាប់ពីពេលនេះតទៅ នៅតាមអាហារដ្ឋានគួរតែដំឡើងកាមេរ៉ា និងចាក់វីដេអូតាមដាននៅក្នុងកន្លែងបរិភោគអាហារផងដែរ»។
ក្នុងឆ្នាំ ២០២២ រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារបាននិយាយថា មាន ៥១៨៦០០ ករណីនៃការបំពានសុវត្ថិភាពចំណីអាហារត្រូវបានស៊ើបអង្កេត និងដោះស្រាយទូទាំងប្រទេស។
ទោះបីជាសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសចិនមានភាពប្រសើរឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ការត្រួតពិនិត្យដោយនិយតករទីផ្សារនៃផលិតផលកាលពីឆ្នាំមុនបានរកឃើញពីបញ្ហាញឹកញាប់ជាងគេក្នុងចំណោមផលិតផលកសិកម្ម និងនៅក្នុងឧស្សាហកម្មម្ហូបអាហារ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ៕
ដោយ៖ នី ស្រីពៅ

ads banner