សហគមន៍កសិកម្មចំនួនបី បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CACC លើផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល  

អត្ថបទដោយ៖
CPA

កំពង់ឆ្នាំង៖ សហគមន៍កសិកម្មចំនួនបី ក្នុងខេត្តកំពង់ឆ្នាំង បានចុះកិច្ចព្រមព្រៀងទិញ-លក់ ជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ដែលមានតម្លៃជាង ៤០០លានរៀល ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងទទួលបានការធានាទាំងគុណភាពនិងតម្លៃ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅថ្ងៃទី២៨ ខែមិថុនានេះថា ពិធីចុះកិច្ចសន្យាទិញលក់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) និងលោក ឆុង សុផល នាយកគម្រោង សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) ។

ប្រភពដដែលបានឱ្យដឹងទៀតថា ការចុះហត្ថលេខាលើកិច្ចសន្យារវាងដៃគូរក្រុមហ៊ុន ជាមួយសហគមន៍នេះ គឺបានព្រមព្រៀងគ្នាលើការផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ដែលតម្លៃជាទឹកប្រាក់ប្រមាណ ៤៣៥លានរៀល ដែលបានប្តូរពូជសុទ្ធល្អ ក្នុងខេត្តកំពង់ឆ្នាំង ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះ ភាគីទាំងសងខាងបានព្រមគ្នាទៅលើការងារកសិកម្មដូចជាការផលិត និងផ្គត់ផ្គង់ដំណាំស្រូវនៅពេលដែលសហគមន៍កសិកម្មនៅខេត្តកំពង់ឆ្នាំង ពួកគាត់ផលិតបាន ដូច្នេះផលិតផលកសិកម្មរបស់ពួកគាត់នឹងឆ្លើយតបតម្រូវការទីផ្សារ ដោយទទួលបានការធានាទាំងគុណភាព និងតម្លៃផងដែរ។ ក្រៅពីការព្រមព្រៀងការផលិតដំណាំស្រូវហើយ លោកថា ភាគីទាំងពីរ ក៏នឹងមានការព្រមព្រៀងផ្នែកកសិកម្មផ្សេងទៀតដែររួមមាន ដំណាំបន្លែ និងចិញ្ចឹមសត្វជាដើម។

លោក ងិន ហ៊ុន ថ្លែងថា៖ «អ៊ីចឹង! សហគមន៍ដែលបានព្រមព្រៀងជាមួយក្រុមហ៊ុន គឺពួកគាត់នឹងទទួលបាននូវនិរន្តរភាពនៃតម្លៃ ដែលមានន័យថាផលិតផលកសិកម្មរបស់ពួកគាត់ដែលផលិតបាន វានឹងមិនមានបញ្ហាធ្លាក់ថ្លៃឡើយ»។ 

លោកបន្ថែមថា ក្នុងខេត្តកំពង់ឆ្នាំង ក៏នៅមានសហគមន៍កសិកម្មផ្សេងទៀត ដែលពុំទាន់បានចូលរួមចុះកិច្ចសន្យា ខណៈដែលមន្ទីរកសិកម្មនឹងសហការជាមួយអង្គការដៃគូ ដើម្បីពន្យល់ណែនាំដល់សហគមន៍ទាំងអស់ត្រៀមលក្ខណៈលើការចូលរួមព្រមព្រៀងជាមួយក្រុមហ៊ុនដើម្បីទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ និងនិរន្តរភាពរវាងដៃគូរក្រុមហ៊ុន និងសហគមន៍។

ដោយឡែក លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ក៏បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនក៏បានចូលរួមចំណែកផ្តល់ជាឥណទានពូជស្រូវផ្ការំដួលចុះបញ្ជីប្រមាណ ៨៣០០គីឡូក្រាម និងឥណទានជីសេរីរាង្គប្រមាណ ៤០តោន សម្រាប់ការដាំដុះឆ្នាំ២០២៣នេះ ដើម្បីចូលរួមចំណែកក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោក កាន់ គន្ធី បានបញ្ជាក់ថា៖ «កិច្ចសន្យាកសិកម្មនេះ គឺជាចលករមួយដ៏សំខាន់ដើម្បីសម្រេចឱ្យបាននូវផែនការនៃកិច្ចសន្យាផលិតកម្មកសិកម្មដែលបានគ្រោងទុក ដែលជាការបន្ថែមពីលើការជួយជ្រោមជ្រែង ដែលជាតួអង្គសំខាន់ក្នុងការជំរុញនិងសម្រួលនូវកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម និងបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក»៕

ដោយ៖ ជា សុខនី

ads banner