សត្វស្លាបកម្រ១៤ប្រភេទ ក្នុងចំណោម១៣២ប្រភេទ កំពុងមានវត្តមាននៅតំបន់បឹងព្រែកល្ពៅ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ របាយការណ៍ស្ដីពីស្ថានភាពសត្វស្លាបសំខាន់ៗនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៃខេត្តតាកែវ បានបង្ហាញថាសត្វស្លាបកម្រចំនួន១៤ប្រភេទ ក្នុងចំណោម១៣២ប្រភេទ មានវត្តមាននៅតំបន់នេះ ខណៈប្រភេទសត្វស្លាបទាំងនោះកំពុងទទួលការគំរាមកំហែងជាសកល។

យោងតាមរបាយការណ៍របស់អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនានេះថា ឆ្នាំ ចាប់តាំងពី២០០៣ដល់ឆ្នាំ២០២១ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានកត់ត្រាថាមានសត្វស្លាបចំនួន១៣២ប្រភេទនៅក្នុងតំបន់ការពារនេះ។ ក្នុងនោះរួមមាន សត្វស្លាបកម្រចំនួនពីរប្រភេទ ជាប្រភេទសត្វជិតផុតពូជ, ណីរប្រភេទរងគ្រោះថ្នាក់ ,ពីរប្រភេទ ជាសត្វស្លាបងាយរងគ្រោះ និងប្រាំពីរប្រភេទ ជាសត្វស្លាបរងការគំរាមកំហែង ហើយនិង ១១៩ប្រភេទទៀត ជាប្រភេទសត្វដែលរងការគំរាមគំហែងតិចតួច។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមប្រភេទសត្វស្លាបកម្រទាំង១៤ប្រភេទ មានសត្វស្លាបសំខាន់ៗចំនួនបីប្រភេទ ដែលបានកត់ត្រាក្នុងរបាយការណ៍នេះ ក្នុងនោះមាន សត្វចាបព្រៃវែង សត្វក្រៀល និងសត្វត្រដក់ធំ សុទ្ធតែសត្វស្លាបដែលកំពុងទទួលរងការគម្រាមគំហែងជាសកល។ សត្វចាបព្រៃវែង គឺជាប្រភេទជិតផុតពូជបំផុតលើលោក ដែលកំណត់ក្នុងបញ្ជីក្រហមក្នុងឆ្នាំ២០១៧។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែបំលាស់ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និងប្រទេសចិនភាគខាងត្បូងនៅរដូវត្រជាក់ និងហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។ 
នៅកម្ពុជាសត្វចាបព្រៃវែង ត្រូវបានប្រទេះឃើញជាក្រុមក្នុងរដូវវស្សានៅតាមទីជម្រកដែលជា ដី ចម្ការ វាលស្រែ និងវាលស្មៅ ហើយតាមរបាយណ៍ ពួកវាមានការថយចុះ យ៉ាងគំហុកដោយសារតែការដាក់អន្ទាក់ មង សារធាតុពុល និងមធ្យោបាយផ្សេងទៀតសម្រាប់ធ្វើជាអាហារ​ និងលក់នៅលើទីផ្សារជាដើម។

ចំណែកសត្វត្រដក់ធំ ក៏ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់ IUCN ដែរ ហើយប្រភេទនេះ មានវត្តមាននៅប្រទេសបង់ក្លាដេស នេប៉ាល់ ភូមា ថៃ វៀតណាម និងមានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌានិងកម្ពុជាប៉ុណ្ណោះ។ ខណៈដែលប្រភេទសត្វនេះ បានកត់ត្រាមាននៅក្នុងតំបន់ព្រែកល្ពៅកាលពីឆ្នាំ២០០៤ គឺសត្វត្រដក់មានចំនួន ១៩ក្បាលបានធ្លាក់ចុះមកត្រឹម ១១ក្បាលនៅឆ្នាំ២០២១។ ចំពោះសត្វក្រៀលវិញ ក៏កត់ត្រាថានៅតំបន់ព្រែកល្ពៅមានសត្វក្រៀលចំនួន ៣០៤ក្បាល ក្នុងឆ្នាំ២០១១ ហើយបានធ្លាក់ចុះមកសល់ ៥៦ក្បាល ក្នុងឆ្នាំ២០២១។

ទាក់ទិនរឿងនេះឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះ ជាពិសេសគឺអភិរក្សសត្វស្លាប នៅក្នុងប្រទេសកម្ពុជា គឺក្រសួងបរិស្ថានមានការយកចិត្តទុកដាក់ខ្ពស់ ។ក្នុងនោះមានដូចជា តំបន់ព្រែកទាល់ ជាតំបន់ដែលមានប្រភេទសត្វស្លាបដ៏ធំ ពីព្រោះទីតាំងនោះ ជាកន្លែងសម្បូរដោយចំណី។ ក្រសួងក៏បានចាត់ទុកទីតាំងនោះថា ជាតំបន់ដែលមានការពារ និងអភិរក្សយ៉ាងតឹងរ៉ឹង ពីព្រោះជាតំបន់ដែលសត្វស្លាបពងកូន។

ក្រៅពីនេះទៀតឯកឧត្តមបន្តថា តំបន់ធម្មជាតិទួលព័ន្ធតាឡី-បឹងស្នេហ៍ស្ថិតក្នុងខេត្តព្រៃវែង ក៏បានក្លាយទៅជាតំបន់ការពារទេសភាពនិងរួមមានតំបន់បឹងព្រែកល្ពៅក្នុងតាកែវ តំបន់អន្លង់ព្រីងក្នុងខេត្តកំពត សុទ្ធតែជាតំបន់ដែលមានប្រភេទសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅផងដែរ។ ជាពិសេសប្រភេទសត្វស្លាបកម្ររួមមាន ចាបព្រៃវែង សត្វក្រៀល និងសត្វត្រដក់ ដែលកំពុងទទួលរងការគម្រាមគំហែង។

ឯកឧត្តម នេត ភក្ត្រា ថ្លែងថា៖ «អ៊ីចឹង! ជាការងារមួយដែលក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការពារ និងអភិរក្សលើតំបន់ទាំងអស់នោះ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពដល់សត្វស្លាប ពីព្រោះកន្លែងទាំងអស់ហ្នឹង វាជាតំបន់ដែលសត្វស្លាបរកស៊ីផងវាពងកូនផង។ ដូច្នេះក្នុងកិច្ចខំប្រឹងប្រែងរួម គឺយើងការពារដើម្បីប្រភេទសត្វកម្រទាំងអស់នេះ ឱ្យមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងជាបន្តទៅទៀត»។

ពាក់ព័ន្ធការអភិរក្សនេះដែរឯកឧត្តម នេត ភក្រ្តា គូសបញ្ជាក់ថា ក្រសួងក៏នឹងខិតខំប្រឹងប្រែង ដើម្បីអប់រំ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលនៅជុំវិញតំបន់សត្វស្លាបកម្រទាំងនោះ កុំឱ្យមានការបរបាញ់ និងការចាប់ឬដាក់អន្ទាក់ផងដែរ៕

ដោយ៖ ជា សុខនី

ads banner