សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចបញ្ឈប់ជាស្ថាពរនូវការប្រើប្រាស់ហ្វេសប៊ុកផ្លូវការរបស់សម្ដេចដែលមានអ្នកចូលរួមជាង១៤លាននាក់
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ជាផ្លូវការអំពីការសម្រេចចិត្តបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ហ្វេសប៊ុក(Facebook)ដែលមានអ្នកចូលរួមជាង១៤លាននាក់។សម្ដេចក៏ស្នើឱ្យជំនួយការសម្ដេចលុបចោលគណនីFacebook របស់សម្តេចភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឱ្យលប់ឈ្មោះសម្ដេចចេញពីបញ្ជីFacebook ផងដែរ។នេះបើយោងតាមការបញ្ជាក់របស់សម្ដេចលើបណ្ដាញសង្គមតេឡេក្រាមនារាត្រីថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២៣។
លើបណ្ដាញសង្គមខាងលើ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា”បងប្អូនជនរួមជាតិជាទីស្រឡាញ់!ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook)ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម(Telegram)ដែលមិនបារម្ភពីការចូលលួចដូចFacebook “។
សម្ដេចតេជោបន្តថា អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។
ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebooឱ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលtelegram របស់ខ្ញុំវិញដើម្បីទទួលបាន ព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។ខ្ញុំក័បានបង្កើតគណនីTikTokថ្មីនិងមានមនុស្ស២នាក់យក ឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺននាក់ ចូលចិត្តជាង៤លាននាក់។ឯមួយទៀតមានអ្នកតាម១ លាន២សែននាក់និងអ្នកចូលចិត្តជាង១២លាននាក់។ចាប់ពីពេលនេះFacebook ណាមានឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕ដោយ៖ពលជ័យ