សម្ដេចក្រឡាហោម ស ខេង ជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព

អត្ថបទដោយ៖
CPA

កំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្រ្តី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដារគុណភាព និងការជឿទុកចិត្តទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន និងអនាគត។
ការជំរុញនេះធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងសម្ពោធសមិទ្ធផលនានា នៅសាលានគរបាលជាតិភូមិភាគ៣ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៩ខែមិថុនា ឆ្នាំ ២០២៣។
តាមប្រភពក្រសួងមហាផ្ទៃនាពិធីនោះសម្ដេចក្រឡាហោម ស ខេង បានបង្ហាញការចាប់អារម្មណ៍ប្រកប ដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវឌ្ឍន៍រីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់។ លោកបន្តថា ក្នុងពេលកន្លងមកថ្មីៗនេះ សមិទ្ធផលនានានៅបណ្ឌិត្យសភា និងសាលានគរបាលជាតិភូមិភាគមួយចំនួន ពិនិត្យឃើញថា មូលដ្ឋានសម្ភាររូបវន្តដែលត្រូវបានកសាងក្នុងដំណាក់កាលនេះ ពិតជាអាចឆ្លើយតបបានភាគច្រើនទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព។  សម្ដេចបានចាត់ទុកស្នាដៃទាំងនេះថា បានកើតឡើងស្របពេលដែលកម្ពុជាកំពុងមានស្ថិរភាព និងវឌ្ឍនភាពជាតិលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋរស់នៅក្នុងភាពសម្បូររុងរឿងប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលសន្តិភាពពេញលេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំចុងក្រោយនេះ។
សម្ដេចបានគូសបញ្ជាក់ថា« ខ្ញុំសូមបញ្ជាក់ជូនថា អ្វីៗដែលយើងខិតខំធ្វើក្នុងអតីតកាលបានឱ្យផលនាពេលបច្ចុប្បន្ននេះហើយអ្វីៗដែលយើងខិតខំធ្វើនាពេលបច្ចុប្បន្ននឹងឱ្យផលទៅថ្ងៃអនាគត។ ឧទាហរណ៍ជាក់ស្តែង ក្មួយៗខិតខំសិក្សារៀនសូត្រហ្វឹកហាត់នាពេលកន្លងមក ក្មួយៗទទួលបាន ជោគជ័យនាពេលនេះ ហើយបន្ទាប់ពីនេះ ក្មួយៗត្រូវព្យាយាមបន្តសិក្សារៀនសូត្រដកស្រង់ បទពិសោធការងារ និងយកចិត្តទុកដាក់លើភារកិច្ចទទួលខុសត្រូវ នោះក្មួយៗនឹងទទួលបានជោគជ័យបន្ថែមទៀតក្នុងជីវិតការងារ នាពេលអនាគត»។
ក្នុងក្របខ័ណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះក្រសួងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដារគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ សម្ដេចក្រឡាហោមបន្ថែមថា ពីព្រោះធនធានមនុស្សដែលទទួលបានពីការបណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ជារោងចក្រកែច្នៃមនុស្ស ឱ្យមានតម្លៃ និងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល»។
ក្នុងឱកាសនោះដែរ លោក វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ បានថ្លែងថា ដំណើរការបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈជំនាន់ទី១៧លើកទី១ ដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យ នាឱកាសនេះ មានចំនួន១៨៣នាក់។នគរបាលទាំងនេះ បានបញ្ជូនមកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ និងខេត្តតាកែវ។
ដោយឡែក សមិទ្ធផលសម្ពោធនាថ្ងៃនោះវិញ រួមមាន ឡដុតសំរាម ផ្លូវបេតុងប្រវែង ប្រព័ន្ធរំដោះទឹក អគារស្នាក់នៅ អគារសិក្សា ទីកន្លែងសម្រាប់ទទួលភ្ញៀវ រួមនឹងគ្រឿងបរិក្ខាផ្សេងៗជាច្រើនទៀត៕
ដោយ៖ សុខ រក្សា

ads banner