អង្គភាពប្រឆាំងអំពើពុករលួយ៖នៅខែមិថុនាមានមន្រ្តីប្រកាសទ្រព្យសម្បត្តិ ពាក្យប្តឹង ការអប់រំ និងបណ្តុះបណ្តាល បានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ ក្នុងខែមិថុនា ឆ្នាំ២០២៣ ការប្រកាសទ្រព្យសម្បត្តិ បញ្ហាពាក្យប្តឹង ការអប់រំ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារតំបន់ និងអន្តរជាតិបានសម្រេចលទ្ធផលគួរជាទីពេញចិត្ត ហើយព្រមជាមួយគ្នា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានផ្តល់នូវអនុសាសន៍ដែលជាចក្ខុវិស័យក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
បើយោងតាមកិច្ចប្រជុំលើកទី២៤ អាណត្តិទី៣នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា៖ ក្នុងខែមិថុនានេះ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មានមន្ត្រីចំនួន ៣៦០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ២៤៤នាក់ និងមន្ត្រី ១១៦នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ ។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៤១ ពាក្យប្ដឹង។ ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយបានផ្ដល់បឋកថាច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និង បុគ្គលិកធនាគារ CIMB ចំនួន ៧៥រូបផងដែរ ។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា៖ក្នុងខែនេះដែរអង្គភាពមួយនេះបានចូលរួមសង្កេតការណ៍ការប្រឡងចំនួន២លើករួមមាន៖ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២៣ ចំនួន ៧រូប ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន ២២ រូប និងការប្រឡងជ្រើសរើសមន្ត្រីរាជការ ចូលបំរើការងារក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា សម្រាប់ឆ្នាំ២០២៣ ចំនួន ០៦ រូប ក្នុងចំណោមបេក្ខជន ២៥៤រូប ។
អង្គភាពប្រឆាំងអំពើពុករលួយសង្កេតឃើញថាដំណើរការប្រឡងទាំងពីរលើកនេះ ចាប់ តាំងពីការរៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់ បូកពិន្ទុ និងការ ប្រកាសលទ្ធផលស្ថាពរប្រព្រឹត្តទៅដោយរលូន និងសហការល្អជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់ដំណាក់កាល ទាំងអស់នៃដំណើរការប្រឡង។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៩៣ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៣៤ទៀតផង៕
អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ហេង សម្បត្តិ
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_09-26-17-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_09-26-18-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_09-26-24-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_09-26-29-1024x768.jpg)