ឯកឧត្តម ចាយ បូរិន ៖ ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខ្ពស់
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-21-36-1024x682.jpg)
ត្បូងឃ្មុំ៖ សម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខ្ពស់ និងរៀបចំយុទ្ធនាការឃោសនាឲ្យបានអធិកអធមប្រកបដោយប្រសិទ្ធភាព ហើយត្រូវត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានច្បាស់លាស់។
នេះជាការផ្តាំផ្ញើររបស់ ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស ចំនួន ៥១១នាក់ នៅមន្ទីរគណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការច្បាប់គណបក្សស្រុក ដែលបានចុះឈ្មោះភា្នក់ងារគណបក្សទៅ គឃ.សប បានទាន់ពេលវេលាកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំបំពេញបែបបទ និងឯកសារ ជូនដល់ប្រជាពលរដ្ឋ ដែលមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យទទួលបាននូវឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតបានយ៉ាងល្អប្រសើរ។
ឯកឧត្ដម បានធ្វើបទបង្ហាញលើចំណុចសំខាន់ៗរបស់ច្បាប់ បទបញ្ជា និងនីតិវិធី គ្រប់ដំណាក់កាល ដែលគិតចាប់ពីពេលឃោសនារកសំឡេងឆ្នោត រហូតដល់ពេលប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ដោយពន្យល់អមជាមួយនឹងកាលបរិច្ឆេទសំខាន់ៗ ដែលមានកំណត់នៅក្នុងប្រតិទិនរបស់ គ.ជ.ប និងលើកឡើងនូវបទពិសោធន៍ជាក់ស្តែង ដែលឯកឧត្ដមធ្លាប់បានជួបកន្លងមក។ នៅក្នុងនោះ ឯកឧត្ដម ក៏បានផ្តាំផ្ញើឱ្យភ្នាក់ងារគណបក្ស និងក្រុមការងារច្បាប់ ខិតខំថែរក្សាសុខភាព និងសុវត្ថិភាព ព្រមទាំងជៀសវាងគ្រឿងស្រវឹងឱ្យបានចាប់ពីពេលចាប់ផ្តើមឃោសនារកសំឡេងឆ្នោត រហូតដល់ចេញលទ្ធផលបោះឆ្នោតជាផ្លូវការ។
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-22-44-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-22-39-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-22-32-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-22-48-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-22-52-1024x568.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-23-08-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-23-02-1024x682.jpg)