យានយន្តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នឹងត្រូវបញ្ចៀសចរាចរណ៍ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ យានយន្តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នឹងត្រូវបញ្ចៀសចរាចរណ៍ជាបណ្ដោះអាសន្ន នាថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីសម្រួលដល់ដំណើរការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែមិថុនា។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា ថ្ងៃទី​១ នៃ​ការបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី​៧ មាន​គណបក្ស​ចំនួន​០៤ ក្នុងចំណោម​គណបក្ស​ទាំង​១៨ ដែល​នឹងធ្វើសកម្មភាព​ឃោសនាបោះឆ្នោត​។

ឯកឧត្តមបន្តថា ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៤ នឹងមានសកម្មភាពដូចជា ១ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦,៥០០នាក់។  ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ ដោយបែងចែកជា ០២ក្បួន។

សម្រាប់ក្បួនទី១ ចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅវេលាម៉ោង ០៨:៣០នាទី ឆ្ពោះទៅរង្វង់មូល សម្តេចសង្ឃជួនណាត បន្តទៅនាគបាញ់ទឹក រួចបត់ឆ្វេងចូលមហាវិថីសម្តេចសុធារស ឆ្ពោះទៅ ស្តុបចំការមន បន្តត្រង់តាមមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ស្តុបចេនឡា បត់ស្តាំតាម មហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) រហូតដល់ស្តុបអាងទឹកស្តាតអូឡាំពិក រួចបត់ឆ្វេងចូល មហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបដេអិន បត់ឆ្វេងចូលមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) រហូតដល់ស្តុបសន្ធរម៉ុក បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ស្តាំចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) រហូតដល់ស្តុប ផ្លូវលេខ២៧១ រួចបត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្លងស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្តុបផ្សារដើមថ្កូវ បត់ឆ្វេងចូលរង្វង់មូលផ្សារដើមថ្កូវ ត្រង់ចូលផ្លូវលេខ៤៨៨ ឆ្ពោះទៅស្តុបបឹងត្របែក រួចបត់ឆ្វេងចូលមហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថី ម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបចំការមន ត្រង់ចូលមហាវិថីសម្តេចសុធារស បន្ត ទៅនាគបាញ់ទឹក បត់ស្តាំឆ្ពោះទៅកោះពេជ្រ តាមស្ពាននាគភ្លោះ (រំសាយ)។ ដោយឡែក នៅពេលរសៀលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ នឹងធ្វើការហែក្បួន ឃោសនាក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន។

ក្បួនទី២វិញ គណបក្សនេះ នឹងជួបជុំគ្នានៅម៉ោង ០៨:៣០នាទីព្រឹក ដោយផ្តើមចេញពីកោះពេជ្រ ឆ្ពោះទៅរង្វង់មូល សម្ដេចសង្ឃជួនណាត បន្តបត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ រហូតដល់ក្រោមស្ពានជ្រោយចង្វារ បត់ឆ្វេងមករង្វង់មូលកាំភ្លើងគួចកាណុង បន្តត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ត្រង់តាមផ្លូវលេខ២៧៣ បត់ឆ្វេងចូលផ្លូវលេខ៥១៦ បន្តទៅបត់ឆ្វេងចូលផ្លូវលេខ៣៣៧ ស្តុបផ្លូវលេខ៥៩៨ រួចបត់ស្តាំចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូល មហាវិថីអង្គរ ឆ្ពោះទៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ បន្ទាប់មកនៅពេលល្ងាចចាប់ផ្ដើមចេញពីមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូស៊ីធី បន្តត្រង់តាមផ្លូវលេខ៣៥៥ ឆ្ពោះ មកអង់តែនទួលគោក បន្តត្រង់តាមវិថីសម្ដេចប៉ែននុត (ផ្លូវលេខ២៨៩) ត្រង់ចូលមហាវិថី គីមស៊ុលស៊ុង ឆ្ពោះមកស្ពានអាកាស៥មករា ត្រង់ចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ឆ្វេងចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) ដល់ស្តុបផ្សារដេប៉ូ រួចបត់ស្តាំចូលមហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបអាងទឹកស្តាតអូឡាំពិក បត់ស្តាំ ចូលមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) ឆ្ពោះទៅមហាវិថីចោមចៅ រួចបន្តទៅស្ពាន អាកាសចោមចៅ បត់ឆ្វេងចូលផ្លូវជាតិលេខ៣ (រំសាយមុខកងពលតូចង៧០)។

ចំពោះ គណបក្សទី២ គឺគណបក្សខ្មែររួបរួមជាតិ  នឹងធ្វើការជួបជុំសមាជិក សមាជិកាខ្លួន នៅម៉ោង ០៧:០០នាទី មានអ្នកចូលរួមប្រមាណ ១,០០០នាក់ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ ព្រមទាំងធ្វើការ ថ្លែងសារទៅសមាជិក ។ បន្ទាប់មកហែក្បួនតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះមកស្ពានជ្រោយចង្វារ បត់ស្តាំមករង្វង់មូលកាំភ្លើងគួចកាណុង ត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះមក អង់តែនទួលគោក បត់ស្តាំតាមផ្លូវលេខ៣៥៥ បន្តទៅរង្វង់មូលកាំកូស៊ីធី ឆ្វេងតាមផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បន្តទៅបត់ឆ្វេងតាមមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ឆ្ពោះមកស្ពានអាកាស ផ្សារដីហ៊ុយ បន្តត្រង់ចូលផ្លូវណតប៊្រីត បន្តតាមផ្លូវទ្រង់មាន់ បត់ស្តាំចូលមហាវិថីចោមចៅ បត់ត្រង់ តាមមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) បត់ឆ្វេងស្ពានអាកាសស្ទឹងមានជ័យចូលផ្លូវក្រោមដី រួចបត់មកតាមផ្លូវលេខ២៧១ បន្តត្រង់មកស្ពានអាកាស៧មករា ត្រង់តាមផ្លូវ៥៩៨ រួចបត់ស្តាំតាម ផ្លូវលេខ៦០៨ រហូតដល់អតីតរង្វង់មូលទួលគោក វត្តនាគវ័ន្ត ចូលទៅផ្លូវបឹងកក់ បត់ឆ្វេងចូល ផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) បត់ស្តាំតាមផ្លូវលេខ៧០ រហូតដល់រង្វង់មូលកាំភ្លើងគួចកាណុង ដល់ក្រោមស្ពានជ្រោយចង្វារបត់ឆ្វេង តាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅទីលានប្រជាធិបតេយ្យវិញ (រួចរំសាយ)។

ចំពោះគណបក្សខ្មែរឈប់ក្រ ដែលជាគណបក្សទី៣ នឹងធ្វើការជួបជុំសមាជិក សមាជិកា នៅវេលាម៉ោង ០៨:០០នាទី នៅ ទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយហែក្បួនចេញទីតាំងខាងលើ ឆ្ពោះមកផ្សារឈូកមាស ទៅផ្លូវលេខ២០១១ បត់ឆ្វេងផ្លូវក្រាំងធ្នង់ ឆ្ពោះទៅវត្តជុំ បន្តត្រង់រហូតដល់មហាវិថីឈ្នះឈ្នះ បត់ស្តាំចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្រោមស្ពានអាកាសផ្សារដីហ៊ុយ រួចបន្តទៅផ្លូវទ្រុងមាន់ រហូតដល់ស្តុបណតប្រ៊ីត បត់ស្តាំដល់ផ្លូវ លេខ២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី បន្តរហូតដល់ផ្លូវលេខ២០១១ ផ្សារឈូកមាស ដោយ ឆ្ពោះទៅទីស្នាក់ការកណ្តាលគណបក្សវិញ (រួចរំសាយ)។

ចំណែកឯ គណបក្សខ្មែរតែមួយ ដែលជាគណបក្សទី៤ ក៏នឹងធ្វើជួបជុំសមាជិក សមាជិកា នៅផ្ទះលោកស្រី ម៉ាន់ ស្រីនឿន ស្ថិតក្នុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ១២៥នាក់ ដើម្បីធ្វើការឃោសនារកសម្លេងឆ្នោត ចាប់ពីវេលាម៉ោង ០៨:០០នាទី ដល់វេលាម៉ោង ១១:០០នាទី ដោយពុំមានការដង្ហែក្បួនឃោសនាគណបក្សឡើយ។

តាមរយៈសកម្មភាពខាងលើ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖«រាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗ និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់»។ ជាមួយគ្នានេះ លោកស្នើឱ្យប្រជាពលរដ្ឋទាំងអស់ យោគយល់ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត រដ្ឋបាលរាជធានីភ្នំពេញនឹងបើកចរាចរជាធម្មតាវិញ៕

អត្ថបទ ៖ បូរ ពេជ្រហ្សាលីន

ads banner