រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារតំណាងរាជរដ្ឋាភិបាលតំណាងរាជរដ្ឋាភិបាល និងសហការី បានធ្វើការបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញអំពីការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ឯកឧត្តមនីតិកោសល្យបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាព នៅលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
ឯកឧត្តម កើត រិទ្ធ បានជម្រាបជូនក្រុមប្រឹក្សាធម្មនុញ្ញអំពីគោលបំណង មូលដ្ឋានគតិយុត្តិ និងខ្លឹមសារសំខាន់ៗ មួយចំនួន នៃសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែនាសម័យប្រជុំ លើកទី១០ នីតិកាលទី៤ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់អំពីគោលបំណងនៃការធ្វើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតថា ចំពោះសំណើសុំធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតនាពេលនេះ គឺត្រូវបានធ្វើឡើងដើម្បីកែទម្រង់សិទ្ធិឱ្យគេឈរឈ្មោះបោះឆ្នោត សំដៅទី១ គឺការពារកិច្ចដំណើរការ នៃដំណើរការបោះឆ្នោត និងលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចរិកនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងទី២. លើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា “សំណើធ្វើវិសោធនកម្មនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាឡើយ។ ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមានជាកាតព្វកិច្ចដែលមានចរិកជាការចាប់បង្ខំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតដូចនៅបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកឡើយ។”

សូមជម្រាបថា តំណាងរាជរដ្ឋាភិបាលអញ្ជើញមកបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គឺបន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៅលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៩ នីតិកាលទី៦ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែនាសម័យប្រជុំ លើកទី១០ នីតិកាលទី៤ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣៕ ដោយៈ ពលជ័យ

