នៅថ្ងៃទី០៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យនិងសម្រេចសំណើរបស់ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ ៖នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០២៣។
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-49-12-1-1024x768.jpg)
សូមជម្រាបដែរថា ទាក់ទងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺអំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ។ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារតំណាងរាជរដ្ឋាភិបាលតំណាងរាជរដ្ឋាភិបាល និងសហការីបានអញ្ជើញមកធ្វើការបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញអំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
ចាប់ផ្តើមនៃកិច្ចប្រជុំឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៅលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
ឯកឧត្តម កើត រិទ្ធ បានជម្រាបជូនក្រុមប្រឹក្សាធម្មនុញ្ញអំពីគោលបំណង មូលដ្ឋានគតិយុត្តិ និងខ្លឹមសារសំខាន់ៗ មួយចំនួន នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានរដ្ឋសភាអនុម័ត នាសម័យប្រជុំលើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែនាសម័យប្រជុំ លើកទី១០ នីតិកាលទី៤ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_10-49-17-1-1024x768.jpg)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់អំពីគោលបំណងនៃការធ្វើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតថា ចំពោះសំណើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលនេះ គឺត្រូវបានធ្វើឡើងដើម្បីកែទម្រង់សិទ្ធិឲ្យគេឈរឈ្មោះបោះឆ្នោត សំដៅទី១ គឺការពារកិច្ចដំណើរការ នៃដំណើរការបោះឆ្នោត និងលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារិកនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងទី២.លើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា “សំណើធ្វើវិសោធនកម្មនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាឡើយ។ ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមានជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតដូចនៅបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកឡើយ”៕ដោយ៖ពលជ័យ