សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំនៅតែជាបេក្ខជន នាយករដ្ឋមន្ត្រី គ្មានអ្នកណាមួយ អាចរារាំងដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ

ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ខ្ញុំនៅតែជាបេក្ខជន នាយករដ្ឋមន្ត្រី គ្មានអ្នកណាមួយ អាចរារាំង ដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬ ដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ ។

សម្ដេចតេជោ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ ចំនួន ៦.៨៦៨ នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ បានលើកឡើងថា មិនថា នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ឬនាយករដ្ឋមន្ត្រី បន្តវេន យ៉ាងណា អាហ្នឹងរឿងមិនទាន់ធ្វើការសម្រេចចិត្តជាក់លាក់ទេ។ តែខ្ញុំនៅតែជាបេក្ខជន នាយករដ្ឋមន្ត្រី គ្មានអ្នកណាមួយ អាចរារាំងដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ។ ទោះបី ហ៊ុន សែន មិនធ្វើជា នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែការឃុំគ្រងខាងផ្នែកនយោបាយ គឺនៅលើដៃ ហ៊ុន សែន ដដែល កុំមានការបារម្ភ ។ អស់ពី ហ៊ុន សែន មាន ហ៊ុន ម៉ាណែត ។

សម្តេច បន្តថា អ្នកឯងកុំចង់កម្ចាត់ត្រកូលហ៊ុន ឱ្យសោះ អ្នកគាំទ្រត្រកូល ហ៊ុន មានច្រើនណាស់ ម៉ាប្រទេស។ សម្តេចថា មិនថា នៅអាស៊ីទេ នៅទីណា ក៏មាន អញ្ចឹងប្រសិនជាគេគាំទ្រឪ គឺគេស្រឡាញ់កូន ។ តែក៏មានអ្នកខ្លះគេអត់ស្រឡាញ់ដែរ ។ យើងពិនិត្យមើលនៅថៃ គេស្រឡាញ់ថាក់ស៊ីន បន្ទាប់ទៅ គេស្រឡាញ់យីងឡាក់ បន្ទាប់ទៅគេស្រឡាញ់កូនថាក់ស៊ីនទៀត ។ នៅជប៉ុន មណ្ឌលណា ធ្លាប់បោះឆ្នោតឱ្យ ឪពុក ឪពុកស្លាប់ទៅ កូនទៅឈរឈ្មោះជំនួសឲ្យឪពុក ជាប់ឆ្នោត នៅកន្លែងនោះទៀត។

សម្តេចតេជោ បានបន្តតៀតថា រឿងវាអញ្ចឹង ប៉ុន្តែខ្ញុំសូមបញ្ជាក់ ខ្ញុំមិនឱ្យប្រទេសកម្ពុជា ខូចខាតបំផ្លាញ ដោយស្នាដៃកូនរបស់ខ្ញុំទេ ។ តែខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំ ដឹកនាំបានល្អ ជាងខ្ញុំ ច្រើនដង ។ ប៉ុន្តែបើធ្វើមិនបានបណ្ដេញអ្ហែងចេញពីបក្ស ខ្ញុំមកធ្វើនាយករដ្ឋមន្ត្រី វិញ ។ ដោយសារតែឯងធ្វើមិនស្រួល ប្រធានបក្សមានសិទ្ធិបណ្ដេញសមាជិកបក្សចេញ ហើយបោះឆ្នោតសមាមាត្រ ឲ្យតែបណ្ដេញចេញពីបក្ស គឺបាត់អស់កៅអីសភា និងកៅអី នានា ប៉ុន្តែសង្ឃឹមថា ក្មេងជំនាន់ក្រោយ គេអាចមានលទ្ធភាពខ្ពស់ជាងយើង។

សម្តេច បានបញ្ជាក់ថា សម្តេចបានត្រៀមទុក ក្នុងករណីនាយករដ្ឋមន្ត្រីបន្តវេន គេធ្វើការអាណត្តិក្រោយ បើអ្នកឯងមិនសួរខ្ញុំ នឹងមិនឆ្លើយ នឹងមិនប្រាប់ទេ ។ ទុកឱ្យគេ ម្ចាស់ការ ក្នុងករណីគេសួរយើង សួរត្រឡប់ទៅវិញថា តើលោកឯង ចង់ដោះស្រាយ រឿងហ្នឹងរបៀបម៉េច លោកឯងឆ្លើយប្រាប់ខ្ញុំមើល គេថាដោះអញ្ចឹង បើអញ្ចឹងដោះចុះ។ អាហ្នឹងបានឱ្យគេចេះ ហើយបទពិសោធន៍របស់ខ្ញុំ កាលណាកូនវានៅតូចនោះ វាជារឿងមួយ កាលណាកូនធំ រត់ដួល ខ្ញុំមិនដែលលើកទេ។ ឱ្យងើបខ្លួនឯង នេះជាចរិតអប់រំកូន តាំងពីតូច ។

សម្តេច បានបន្តថា មានអាមួយណានោះ គេថា បើ លោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រី ទាល់តែធ្វើឱ្យខុសពីឪពុក “អន្តរធាន” ហើយអញ្ចឹង បើធ្វើឱ្យខុសពី ឪពុក មានតែធ្វើឲ្យប្រទេសដែលមានសន្តិភាព ឱ្យបាត់សន្តិភាព ធ្វើដល់ថ្នាក់បណ្ឌិត ហើយ និយាយឡប់ៗ ។

សម្តេចបានមានប្រសាសន៍ថា បើហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រី ត្រូវធ្វើឲ្យខុសពី ឪពុក ។ ឥឡូវ ពិនិត្យមើលប្រទេសកំពុងតែមានសន្តិភាព និងការអភិវឌ្ឍន៍ ដល់ធ្វើឲ្យវា ខុស ទាល់តែដេញអ្នកវិនិយោគ រត់ចេញក្រៅស្រុក អាហ្នឹងបានវាខុស បើចង់ឱ្យវាល្អ ត្រូវពង្រឹងអ្នកហ្នឹង ហើយកែលម្អអ្នកហ្នឹង ធ្វើឱ្យវាល្អជាងហ្នឹង អាហ្នឹងបានវាទៅមុខ ដល់នាំគ្នាធ្វើឲ្យខុស វាស្មើនឹងបំផ្លាញនូវអ្វី ដែលឪពុកបានខិតខំធ្វើ ដែលអ្នកជំនាន់មុន ខិតខំធ្វើ ។ ខ្ញុំបានត្រៀមខ្លួនទុកហើយ ។

ប៉ុន្តែសម្តេច បានបញ្ជាក់ក្នុងករណីនេះ អត់ទាន់ច្បាស់ថា ធ្វើនៅពេលណាទេ។ ឥឡូវ បោះឆ្នោតសិន ហើយសម្តេច នៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ឯកូនរបស់សម្តេចជា បេក្ខជន សម្រាប់អនាគត។ ហើយជឿចុះ បើហ៊ុន សែន នៅមានវត្តមាន លើទឹកដីកម្ពុជា ប្រទេសកម្ពុជា គ្មានអ្នកណាបំផ្លាញបានទេ។ គុកគេដាក់អាមនុស្សខូច ស្រុកណា ក៏នៅមានខ្នោះ ស្រុកណាក៏នៅមានគុក ស្រុកណាក៏នៅមានកាំភ្លើងដែរ ។ ហើយឥឡូវ ផែនការចូលចាប់ ហ៊ុន សែន ទៀតហើយ។ ឥឡូវ ផែនការចូលចាប់ ហ៊ុន សែន ជាផែនការរដ្ឋប្រហារឬស្អី? តើវាស្របនិងគោលនយោបាយ facebook ទេ facebook មានពិនិត្យទេ អាហ្នឹង ៕

អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner