សម្ដេចតេជោ ហ៊ុន សែន៖ គ្មានដ្រូនហោះមកទៀតឡើយ ក្រោយកម្ពុជា ដាក់វិធានការក្ដៅ
ពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា មិនឃើញមានដ្រូនហោះមកទៀតនោះទេ ក្រោយវិធានការក្ដៅជាបន្ដបន្ទាប់របស់កម្ពុជា។ សម្ដេចថា កម្លាំងកងទ័ពរាប់ពាន់នាក់ បាននិងកំពុងពង្រាយនៅតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះរំលោភចូលអធិបតេយ្យកម្ពុជា ដោយគ្មានការអនុញ្ញាត។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ ចំនួន ៦.៨៦៨ នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_12-55-33-1024x682.jpg)
សម្ដេចតេជោ បានអះអាងថា ក្នុងករណីឃើញមានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលទឹកដីកម្ពុជាទៀតនោះ កម្លាំងកងទ័ពនឹងបាញ់ទម្លាក់ភ្លាមៗតែម្ដង ដោយមិនខ្វល់ថា ដ្រូននោះរបស់អ្នកណានោះទេ។
សម្ដេចថា យប់មិញក៏អត់ឃើញមានដ្រូនហោះមកទៀត ដល់តែដាក់កាំភ្លើងផ្គុំ រួចប្រកាសមែនទែនបង្ហាញកម្លាំងទ័ព កម្លាំងអាវុធ វាអត់ហ៊ានចូលមកដែរ ឥលូវទ័ពរាប់ពាន់នាក់នៅទីនោះ (ព្រំដែនកម្ពុជា-វៀតណាម) ចាំបាញ់ទម្លាក់ពួកហ្នឹងម្ដងកុំឲ្យវាប្រហើនហោះចូលដីខ្មែរ មិនថារបស់អ្នកណាទេ តែហោះចូលដីខ្មែរ គឺបាញ់ប្រាប់ទុកឲ្យហើយ។
ទោះបីជាយ៉ាងណា សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តាំងតែពីចល័តកម្លាំងទ័ព និងពង្រាយអាវុធ ជាមួយបទបញ្ជាយ៉ាងម៉ឺងម៉ាត់នោះ ប៉ុន្មានថ្ងៃមកនេះ មិនឃើញមានដ្រូនទាំងអស់នោះ ហោះចូលទឹកដីរបស់កម្ពុជាទៀតនោះឡើយ។ សម្ដេចបន្ដថា កន្លងទៅមេទ័ពខ្មែរស្លូតពេក បានមិនហ៊ានបាញ់ទម្លាក់ តែពេលនេះមិនមានឱកាសហោះចូលដោយសេរីទៀតទេ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពប្រើសំណាញ់មេឃដើម្បីបាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀតចំនួន៧គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមិថុនា។ សម្តេចក៏បានបន្ទោសថា មេទ័ពកម្ពុជាហាក់ដូចជាស្លូតបូតពេក ដែលធ្វើឲ្យពួកភេរវកម្មទាំងនោះបានចិត្ត ហើយហ៊ានហោះចូលរំលោភអធិបតេយ្យភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន ៕
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_12-55-34-1024x682.jpg)
អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ