អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាលក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហ្សូរាប ប៉ូលូលីកាសវីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិតសំដែងនូវការថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាលចំពោះរូបលោក ក្នុងដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ នាឱកាសនៃកិច្ចប្រជុំគណៈកម្មការតំបន់របស់អង្គការទេសចរណ៍ពិភពលោក រួមទាំងសន្និសីទអន្តរជាតិនៃអង្គការទេសចរណ៍ពិភពលោកស្តីពីក្រមអន្តរជាតិសម្រាប់ការការពារភ្ញៀវទេសចរ និងកិច្ចពិភាក្សាតុមូលរបស់សមាជិកបុត្រសម្ព័ន្ធ។
នៅក្នុងលិខិតរបស់លោក ហ្សូរាប ប៉ូលូលីកាសវីលី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា «ខ្ញុំក៏មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានជួបសំដែងការគួរសមជាមួយ សម្តេច នៅវិមានសន្តិភាព ដើម្បីពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រដែលមានផលប្រយោជន៍រួម ដូចជាការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតសកល និងសារៈសំខាន់នៃក្រមអន្តរជាតិសម្រាប់ការការពារភ្ញៀវទេសចរ»។
លោក ក៏បានការប្ដេជ្ញាចិត្តនិងការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះក្រមអន្តរជាតិសម្រាប់ការការពារភ្ញៀវទេសចរ ព្រមជាមួយឆន្ទៈរបស់ប្រទេសកម្ពុជា ក្នុងការដឹកនាំការអនុម័តសេចក្តីប្រកាសភ្នំពេញស្តីពីក្រមអន្តរជាតិនេះទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺពិតជាគួរឱ្យស្ងើចសរសើរ។ ប្រទេសកម្ពុជា ពិតជានឹងធ្វើក្លាយជាគំរូក្នុងតំបន់ និងលើសពីនេះ ហើយនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយភ្ញៀវទេសចរក្នុងស្ថានភាពអាសន្ន ព្រមជាមួយការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា ឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងវិស័យទេសចរណ៍។
លោក ហ្សូរាប ប៉ូលូលីកាសវីលី ក៏សូមអនុញ្ញាតឆ្លៀតយកឱកាសនេះដើម្បីបញ្ជាក់ឡើងវិញនូវការអញ្ជើញរបស់លោកជូនចំពោះ សម្តេចតេជោ ដើម្បីចូលរួមមហាសន្និបាតលើកទី២៥ របស់អង្គការទេសចរណ៍ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសាម៉ាកាន (Samarkand) ប្រទេសយូបេគីស្ថាន (Uzbekistan) ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២៣។ លោកមានជំនឿយ៉ាងមុតមាំថា ការចូលរួមរបស់សម្តេច នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា៕

ដោយ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner