សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រៀមរួចជាស្រេចហើយ ដើម្បីបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃដំបូងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣
(ភ្នំពេញ)៖ មុនមួយថ្ងៃនៃការបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតថ្ងៃនៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ដែលជាថ្ងៃទីដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នោះ គណៈបក្សប្រជាជនកម្ពុជា បានធ្វើការជួបជុំ សមាជិក សមាជិកា របស់ខ្លួនក៏ដូចជាធ្វើការហាត់សមក្បួនជាស្រេចនាមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រគេឃើញភាគីពាក់ព័ន្ធ សិល្បករ សិល្បការិនី អ្នកដង្ហែក្បួន និងពិសេសការរៀបចំតុបតែងដែលរួមមានប៉ាដា វេទិការ ជាដើម បានរៀបចំ និង ត្រៀមរួចជាស្រេចសម្រាប់ការចេញឃោសនាថ្ងៃដំបូង ហើយក៏ជាថ្ងៃដ៏មានសារសំខាន់ៗនៃគណបក្សនីមួយៗដែលនឹងត្រៀមខ្លួនរកសម្លេងឆ្នោត។
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_14-45-56-1024x768.jpg)
ក្រៅពីនេះគេក៏ឃើញមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនជាច្រើនរូបក៏មានវត្តមាន និងបានចុះត្រួតពិនិត្យនៃការត្រៀមរៀបចំខ្លួននៃការបើកយុទ្ធនាការឃោសនា រក សម្លេងឆ្នោតនៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ដែលជាថ្ងៃទីដំបូងនៃការបើកយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ផងដែរ។
ដោយឡែក បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះបានឱ្យដឹងថា៖ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅថ្ងៃទី១ ខែកក្កដា ឆាំ្ន២០២៣ ដែលជាថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នេះដែរ មានគណបក្សចំនួន៤ ក្នុងចំណោមគណបក្សទាំង ១៨ ដែលនឹងធ្វើសកម្មភាពឃោសនាបោះឆ្នោត។
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_14-46-03-1024x768.jpg)
ប្រភពខាងលើដដែលនេះបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ ដោយបែងចែកជា០២ក្រុម ដង្ហែនៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថានៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុង រាជធានីភ្នំពេញ ។
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_14-46-05-1024x768.jpg)
ក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយ ធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាល រាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗនិងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់ ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះរដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ ៕
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_14-46-10-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_14-45-54-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_14-45-52-1024x768.jpg)
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ជីម ភារ៉ា