ឯកឧត្តម ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាពដំណាំស្វាយចន្ទីនៅស្រុកជីក្រែង ខេត្តសៀមរាប

(ខេត្តសៀមរាប) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យមើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី ដែលឋិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងជំរុញការដាំដំណាំដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជា ឱ្យស្របតាមគោលនយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឌិត ទីណា បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទី របស់បុគ្គលិកក្រុមហ៊ុន ដែលចំណាយថវិកាក្នុងការកែច្នៃតិច ប៉ុន្តែផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពខ្ពស់ បើធៀបនឹងឧបករណ៍ដែលម្ចាស់ដំណាំស្វាយចន្ទីដទៃបានបញ្ជាទិញពីប្រទេសជិតខាង។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានរកគំនិតកែច្នៃឧបករណ៍នេះបន្ថែមទៀត ដើម្បីចែកចាយលើទីផ្សារ និងអាចដាក់ពាក្យស្នើសុំភ្ជាប់អគ្គិសនីកសិកម្មពេលយប់ តម្លៃ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ ដែលជាគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងជួយកាត់បន្ថយការចំណាយថ្លៃលើថាមពលសម្រាប់បម្រើដល់វិស័យកសិកម្ម។

បច្ចុប្បន្ន ក្រុមហ៊ុនសុភ័ណ្ឌធារី បានសម្រេចអនុវត្តន៍គម្រោងវិនិយោគលើដំណាំស្វាយចន្ទីលើផ្ទៃដីជាង ១ពាន់២រយហិកតា លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០០៦។
កាលពីខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសចង់ឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី ដោយអាចនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោក ខណៈ នៅឆ្នាំ២០២១ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានចំនួន ១លាន ១សែន ៨ម៉ឺនតោនក្នុងមួយឆ្នាំ ឈរនៅចំណាត់ថ្នាក់លេខមួយលើពិភពលោក ដោយមិនទាន់គិតពីដំណាំស្វាយចន្ទីដែលទើបដាំ ខណៈប្រទេសកូតឌីវ័រ ផលិតបាន១លាន១សែនតោន និងប្រទេសឥណ្ឌាផលិតបាន ៨សែនតោន ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner