មន្រ្តីជាន់ខ្ពស គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ ទាំងអស់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថៃទី៣០ ខែមិថុនានេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្ដើមបើកដំណើរការ នៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត ។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក(គជប)បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី១-២១ខែកក្កដា សរុបមានរយៈពេល ២១ថ្ងៃ គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប មានចំនួន ១៨គណបក្ស មានសិទ្ធិធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុង ស្មារតីមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់ទៀតថា៖ដើម្បីចូលរួមការពារ ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៣ ខែកក្កដា ប្រកបដោយបរិយាកាស សន្តិសុខ សណ្តាប់ ធ្នាប់សារណៈ និងសុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សំរាប់ការបោះឆ្នោត និងគជប បានដាក់ចេញ នូវសេចក្តីណែនាំស្តីពី “សកម្មភាព និងការរៀបចំភ្នាក៎ងារ សន្តិសុខ បោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣” គោលដៅការពារ ការឃោសនាបោះឆ្នោត គឺស្ថិតនៅទាំង ១៦៥២ឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១-២១ ខែកក្កដា ហើយកម្លាំងដែលត្រូវប្រើប្រាស់រួមមាន៖ កម្លាំងនគរបាលប៉ុស្តិ៍ ឃុំ- សង្កាត់ ។ កម្លាំងសន្តិសុខនគរ បាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជ អាវុធហត្ថ ក្រុង ស្រុក ខណ្ឌ នឹងផ្នែកសឹក រង ក្រុង ស្រុក ខណ្ឌ ដែលមានកម្លាំង សរុបចំនួន ១៩៧២៤នាក់។

ឯកឧត្តម បញ្ជាក់ទៀតថា៖ ភ្នាក់ងារសន្តិសុខបោះឆ្នោត មិនត្រូវទៅឈរក្បែរ ឬដើរទៅកៀក ទៅនឹងទីតាំងឬ ក្បួនឃោសនាបោះឆ្នោត ឬស្ថិតនៅក្នុងបរិវេណ នៃអង្គពិធីឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ ។ ជាងនេះទៀតការហែក្បួនឃោសនាបោះឆ្នោតនៅក្រៅមណ្ឌលដែលគណបក្សនយោបាយសាម៉ី មិនបានដាក់បញ្ជី បេក្ខជន គឺមិនត្រូវបានអនុញ្ញាតទេ ។ ផ្ទុយទៅ វិញក្នុងករណីដែលការហែក្បួន ឃោសនាបោះឆ្នោតក្នុងរាជធានី- ខេត្ត ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ហើយតម្រាផ្លូវនៃ ក្បួនឃោសនានោះ ត្រូវឆ្លងកាត់ រាជធានី- ខេត្តដទៃ ដោយមានទីតាំងភូមិសាស្ត្រជាក់ ស្តែង នៃរាជធានី- ខេត្តនោះមានព្រំប្រទល់ ជាប់គ្នា ដែលមិនអាចវាងបាន គណបក្ស នយោបាយសាម៉ី ត្រូវសុំការអនុញ្ញាតយាងតិច៣ថ្ងៃមុន ៕
ដោយ ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner