ឈ្លូសរស់នៅច្រើនកន្លែងក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖សត្វឈ្លូស (Red muntjac) ត្រូវបានគេចាត់បញ្ចូលក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក ហើយសត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ថា សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។

រហូតមកទល់នឹងពេលនេះ មិនមានទិន្នន័យច្បាស់លាស់ថានៅលើពិភពលោកមានសត្វឈ្លូសប៉ុន្មានក្បាលឡើយ ប៉ុន្តែយោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ នៅប្រទេសកម្ពុជា សត្វឈ្លូសសម្បូណ៌ស្ទើរគ្រប់ទីកន្លែង តែមិនមានអាចប៉ាន់ស្មានដឹង ចំនួនពិតប្រាកដឡើយ។

សត្វប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារ តែពពួកសត្វស៊ីសាច់ ជាអាហារ ។

តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ ឈ្លូសបន្លឺសំឡេងខ្លាំងនិងតតបគ្នារហូតដល់រយៈពេល ១ ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១ គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណីពេញមួយយប់ ប្រសិនបើមានការរំខាន។ រដូវបន្តពូជប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូនមួយក្បាល ជួនកាលភ្លោះ ប៉ុន្តែកម្រមានណាស់។ក្នុងប្រភេទជម្រុះស្នែង សត្វឈ្លូសជាប្រភេទសត្វដែលមានមាឌតូច និងមានស្នែងខ្លីប្រវែងពី ១០-១៥ សង្ទីម៉ែត្រ ព្រមទាំងប្រវែងខ្នែងមិនលើសពី ៥ សង្ទីម៉ែត្រ។ ឈ្លូសញីគ្មានស្នែងដូចឈ្លូសឈ្មោលទេ គឺគ្រាន់តែលេចចេញជាដុំពក ឆ្អឹងតូចនៅពីលើក្បាលជាមួយរោមកញ្ចុំប៉ុណ្ណោះ ។

ឈ្លូសញីនិងឈ្មោលមានចង្កូមដូចគ្នា ប៉ុន្តែឈ្មោលមានលក្ខណៈវែងជាង ដែលជាទូទៅវាប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយគូប្រជែង នៅពេលដណ្តើមញីនៅរដូវបន្តពូជ។ វាមានរោមពណ៌ត្នោត លឿង ហើយមានភាពស្រគាំនៅផ្នែកខាងលើ និងព្រលែតនៅផ្នែកខាងក្រោម។

នៅលើផ្ទៃមុខបង្ហាញនូវខ្សែឆ្នូតពណ៌ខ្មៅស្ថិតនៅជាប់ចង្អូរស្នែងទាំងពីរ។ នៅខាងលើកន្ទុយមានពណ៌ក្រហម និងខាងក្រោមមានពណ៌ស ៕
ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner