អ៊ុយក្រែនដាក់ទណ្ឌកម្មបន្ថែមលើបុគ្គលជាង១៩០នាក់ និង ២៩១អង្គភាព

គៀវ៖ ប្រទេសអ៊ុយក្រែនដាក់ទណ្ឌកម្មបន្ថែមលើបុគ្គលជាង ១៩០នាក់ ភាគច្រើន ជាជនជាតិរុស្ស៉ី និងអង្គភាព ចំនួន ២៩១។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីដាក់ទណ្ឌកម្មរយៈពេល ១០ឆ្នាំលើបុគ្គលចំនួន ១៩២នាក់ ដែលភាគច្រើនជាជនជាតិរុស្ស៊ី។

ទណ្ឌកម្មថ្មីចុងក្រោយនេះ ក៏ប៉ះពាល់ដល់អង្គភាពរុស្ស៉ីចំនួន២៩១ ដែលរួមមាន ទាំងរោងចក្រ និងអាជីវកម្មរុស្ស៉ីផងដែរ។ រីឯក្រុមហ៊ុនបេឡារុស ហ្សកហ្ស៊ី និងកាហ្សាក់ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍ Georgian Airways របស់ប្រទេសហ្សកហ្ស៉ី ដែលទើបនឹងចាប់ផ្តើមបើកជើងហោះហើរត្រង់ជាមួយរុស្ស៉ីឡើងវិញទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ហើយប្រធានក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានដាក់ទណ្ឌកម្មរយៈពេល ១០ឆ្នាំ។

ទាក់ទងនឹងរឿងនេះដែរ លោក Gaiashvili  ប្រធានក្រុមហ៊ុន Georgian Airways បានប្រាប់ TASS ថា លោកមិនព្រួយបារម្ភអំពីទណ្ឌកម្មទាំងនោះទេ។ អ្នកជំនួញជនជាតិហ្សកហ្ស៊ីរូបនេះបាននិយាយថា “ខ្ញុំមិនខ្វល់ថាមាននរណាម្នាក់ដាក់ទណ្ឌកម្មលើខ្ញុំទេ។ ខ្ញុំនឹងទុកវាចោលដោយគ្មានយោបល់”៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner