បារាំងចាប់ខ្លួនមនុស្ស ១៣០០ នាក់ នៅយប់បុណ្យសពក្មេងជំទង់
ប៉ារីស៖ ប៉ូលិសបារាំងរាយការណ៍ពីការចាប់ខ្លួនក្រុមធ្វើកុប្បកម្ម ចំនួន ១៣០០ នាក់ ខណៈពិធីបុណ្យសពរបស់ក្មេងជំទង់ដែលត្រូវបាញ់សម្លាប់បានចាប់ផ្តើម។
អំពើហិង្សា និងការលួចប្លន់នានា បានវាយប្រហារប្រទេសបារាំង ក្នុងយប់ទីបួននៃការតវ៉ា ខណៈដែលប៉ូលិសដែលត្រូវបានដាក់ពង្រាយជាកម្លាំងបានធ្វើការចាប់ខ្លួនមនុស្ស ជាង១៣០០ នាក់។
ប្រទេសបារាំងបានត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចគ្នាបន្ថែមទៀត ខណៈដែលពិធីបុណ្យសព ក្មេងជំទង់ដែលត្រូវបានសម្លាប់ដោយមន្រ្តីនគរបាល ក្នុងអំឡុងពេលបញ្ឈប់ចរាចរណ៍ បានចាប់ផ្តើម កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
រដ្ឋាភិបាលបារាំងបាននិយាយថា អំពើហិង្សាបាន “ថយចុះ” បើធៀបនឹងយប់មុនៗ ប៉ុន្តែក្រសួងមហាផ្ទៃនៅតែរាយការណ៍ពីការចាប់ខ្លួនមនុស្ស ១៣១១ នាក់នៅទូទាំងប្រទេស ពេញមួយយប់។
វាជាចំនួនខ្ពស់បំផុត ក្នុងចំណោមយប់កន្លងមក ចាប់តាំងពីការតវ៉ា បានចាប់ផ្តើម កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ក្រោយពេលមានការស្លាប់របស់យុវជន Nahel អាយុ ១៧ ឆ្នាំដោយគ្រាប់កាំភ្លើងរបស់ប៉ូលីស។
អ្នកយកព័ត៌មាន AFP ម្នាក់បាននិយាយថា ពិធីបុណ្យសពរបស់យុវជនរូបនេះបានចាប់ផ្តើមនៅជាយក្រុងប៉ារីសនៃទីក្រុង Nanterre ជាកន្លែងដែលគេធ្លាប់រស់នៅ ដោយមានហ្វូងមនុស្សយ៉ាងច្រើនប្រមូលផ្តុំនៅទីបញ្ចុះសពក្នុងតំបន់ ក្នុងបរិយាកាសដ៏តានតឹង។
របាយការណ៍បឋមរបស់អាជ្ញាធរចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍ បាននិយាយថា រថយន្ត ១៣៥០ គ្រឿង និងអគារ ២៣៤ ត្រូវបានដុតបំផ្លាញ ពេញមួយយប់ ហើយមានឧប្បត្តិហេតុភ្លើងឆេះ ចំនួន ២៥៦០ កន្លែងនៅតាមទីសាធារណៈ។ ក្រសួងក៏បាននិយាយដែរថា ប៉ូលិស ឬកងអាវុធហត្ថ ៧៩ នាក់បានរងរបួស។
ការប៉ះទង្គិចគ្នានៅតែបន្ត ទោះបីជាបារាំងដាក់ពង្រាយមន្ត្រី ៤៥០០០ នាក់ក៏ដោយ ពោលគឺច្រើនជាងយប់ផ្សេងៗ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត