ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងគ្រឹះស្ថាន

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដើម្បីបន្ថែមភាពងាយស្រួល ក្នុងការទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដកលុយ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានជាសមាជិក។ ពិធីសម្ពោដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច រៀបចំឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

លោកជំទាវ ជា សិរី បានថ្លែងថា ក្នុងនាមធនាគារជាតិនៃកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកប្រព័ន្ធ ដែលបានអភិវឌ្ឍប្រព័ន្ធនេះ ឡើងដើម្បីជាមធ្យោបាយងាយស្រួល សម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីន ATM និង POS របស់គ្រឹះស្ថានសមាជិក និងជា Local Switch សម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ផងដែរ។

ប្រព័ន្ធខេមបូឌានស៊ែស្វីច CSS បានដំណើរការទូទាត់លើប្រតិបត្តិការចំនួន ៣ ប្រភេទធំៗគឺ៖ ប្រតិបត្តិការផ្ទេរប្រាក់ (ATM) ប្រតិបត្តិការដកប្រាក់ (ATM និង POS) ប្រតិបត្តិការទិញទំនិញ (POS) និងមានប្រតិបត្តិការមិនមែនហិរញ្ញវត្ថុចំនួន ៣ ផ្សេងទៀតដូចជា៖ ប្រតិបត្តិការពិនិត្យសមតុល្យ ប្រតិបត្តិការរបាយការណ៍សង្ខេប និងប្រតិបត្តិការប្ដូរលេខសម្ងាត់ ។

សូមបញ្ជាក់ថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) គឺជាប្រព័ន្ធមួយសម្រាប់ជួយសម្រួលដល់សាធារណជន ក្នុងការដកប្រាក់ឆ្លងធនាគារបានដោយមិនអស់សេវា។ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថល ប្រកបដោយបរិយាបន្ន និងស្ថិរភាព៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner